(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា បានសុំឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល នៅក្នុងការការពារបូរណភាពទឹកដី ប្រឆាំងការឈ្លានពាន និងការគំរាមកំហែងសព្វបែបយ៉ាងពីសំណាក់ប្រទេសថៃ មកលើទឹកដីរបស់កម្ពុជា។
ការអំពាវនាវរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលឯកឧត្តម រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលថដ្ឋានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ និងប្រជាពុទ្ធបរិស័ទ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត នៅក្រុងក្រចេះ ខេត្តក្រចេះ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។
នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងអំពីគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិចេញពីរបបខ្មែរក្រហម និងបានកសាងប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនៅក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលកម្ពុជា បន្តវេនដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តថែរក្សា ពួនជ្រំសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា នៅក្នុង«សម័យតេជោ-ធិបតី» នេះ បានធ្វើឱ្យប្រទេសកម្ពុជា គឺកាន់តែរីកចម្រើនខ្លាំងក្លា មានភាពល្បីរន្ទឺនៅលើសកលលោក។ ជាពិសេសមានសមត្ថភាពគ្រប់គ្រាន់និងគ្រប់ទម្រង់ទាំងអស់ ក្នុងការប្រឆាំងនឹងការឈ្លានពានពីសំណាក់ទ័ពថៃ ជាក់ស្តែងវិធានការទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចុះ គឺជាវិធានការដ៏ត្រឹមត្រូវទាំងផ្នែកផ្លូវច្បាប់ ការទូត និងវិធានការយោធា ដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់ចំពោះការឈ្លានពានរបស់ថៃ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ជាមួយនឹងវិធានការដ៏ល្អត្រឹមត្រូវនេះរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹង ចេតនាទុច្ចរិតឈ្លានពានពីសំណាក់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះ គឺបានឆក់យកបេះដូង និងសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានរម្លឹកថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៍ឯក ដែលបានដាក់ចុះនូវនយោបាយឈ្នះឈ្នះរំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម រហូតបិទបញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុងនៅកម្ពុជា នៅឆ្នាំ១៩៩៨ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការឯកភាពជាតិ នៅក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញតែមួយ។ តាមរយៈការដាក់ចេញនូវនយោបាយដ៏ត្រឹមត្រូវនេះហើយ ទើបអនុញ្ញាតឱ្យប្រជាពុទ្ធបរិស័ទ អាចមានលទ្ធភាពជួបជុំគ្នាគោពប្រតិបត្តិព្រះពុទ្ធសាសនា ព្រមទាំងជំនឿផ្សេងៗដែលខ្លួនបានគោរពបូជា។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ជាក់ស្តែងកត្តាសុខសន្តិភាពនេះ បានអនុញ្ញាតឱ្យប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តបានជួបជុំគ្នាប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃ ដូច្នេះ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ហើយអ្នកនៅសមរភូមិក្រោយ សូមគាំទ្រ និងលើកទឹកចិត្តដល់បបងប្អូនកងកម្លាំងដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខ ជាពិសេសរួមគ្នាគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល រួមសាមគ្គីភាព ជាមួយរាជរដ្ឋាភិបាល និងកងទ័ពដើម្បីទប់ស្កាត់ការឈ្លានពានពីសំណាក់កងទ័ពថៃ៕