វិទ្យុជាតិកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្បស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ដែលពិធីនេះរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្រ្តី។
ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី «ការកែទម្រង់ច្បាប់ និងតុលាការ» ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងចក្ខុវិស័យបង្កើតនូវវិស័យច្បាប់ និងតុលាការមួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ទ្រទ្រង់គោលការណ៍សិទ្ធិរបស់បុគ្គល ការបែងចែកអំណាចដាច់ពីគ្នា និងនីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការលើកស្ទួយនូវការរីកចម្រើនសេដ្ឋកិច្ចនាំមុខដោយវិស័យឯកជន។
ដោយពិនិត្យឃើញអំពីវិសាលភាព សារៈសំខាន់ និងភាពចាំបាច់នៃការជំរុញល្បឿននៃការកែទម្រង់ច្បាប់ រាជរដ្ឋាភិបាលនីតិកាលថ្មី ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងជវភាពថ្មីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅដើមអាណត្តិទី៧ នៃរដ្ឋសភានេះ បានសម្រេចធ្វើវិចារណកម្មស្ថាប័ននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយបង្កើតស្ថាប័នពីរដោយឡែកពីគ្នា គឺ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដឹកនាំដោយទីស្តីការគណៈរដ្ឋមន្ត្រី ដែលផ្តោតលើការកែទម្រង់ប្រព័ន្ធច្បាប់ទាំងមូលរបស់ប្រទេស រីឯគណៈកម្មាធិការដឹកនាំការកែទម្រង់យុត្តិធម៌ ដឹកនាំដោយក្រសួងយុត្តិធម៌ ដែលផ្តោតលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌ប្រទេស ស្របតាមអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានចារឹកទុកជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។
ស្របតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ តាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១៥០ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានកំណត់តួនាទី និងភារកិច្ច ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ និងពង្រឹងមុខងារនីតិកម្ម នៃក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងបុព្វហេតុ នៃការពង្រឹងនិងពង្រីកគុណភាព និងប្រសិទ្ធភាពនៃវប្បធម៌នីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងស្មារតីនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានរៀបចំ «ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធី កែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដែលជាមគ្គុទេសក៍បង្ហាញផ្លូវ ក្នុងការដឹកនាំ សម្របសម្រួល ការផ្តល់ប្រឹក្សា ការតាក់តែង ការត្រួតពិនិត្យការអនុវត្ត និងការដោះស្រាយវិវាទនៃច្បាប់ ដោយត្រូវធានា ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការអនុវត្តច្បាប់ ស្របតាមចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយ កំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤គឺ យុទ្ធសាស្ត្រគន្លឹះទី១ ដឹកនាំ និងសម្របសម្រួលចងក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី២ ដឹកនាំ និងសម្របសម្រួលរៀបចំ ក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី៣ ដឹកនាំនិងសម្របសម្រួលពិនិត្យ និងវាយតម្លៃគុណភាព និងប្រសិទ្ធភាពនៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រគន្លឹះទី៤ ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌដោះស្រាយវិវាទគតិយុត្ត និង ការពារនីត្យានុកូលភាព។
ផ្អែកលើការគាំទ្រ និងការចូលរួមអនុវត្តដោយសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងតួអង្គពាក់ព័ន្ធទាំងអស់ សម្តេចមហាបវរធិបតី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹង បោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ដើម្បីសម្រេចបាននូវការកសាងនិម្មាបនកម្មនៃប្រព័ន្ធច្បាប់ និងវប្បធម៌នីតិរដ្ឋ ដោយផ្អែកលើគុណតម្លៃប្រវត្តិសាស្ត្រកម្ពុជានិងគុណតម្លៃសាកល ដើម្បីធានាស្ថិរភាពនិង ចីរភាពនៃការកសាងរដ្ឋមួយដែលរឹងមាំ ឯករាជ្យ អធិបតេយ្យ ប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិ សេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស សមធម៌ និងយុត្តិធម៌ក្នុងសង្គម វប្បធម៌ថ្កុំថ្កើងរុងរឿង និងប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារជឿនលឿន សុខុមាលភាពប្រជាពលរដ្ឋ នាយុគសម័យបច្ចេកវិទ្យាទំនើប៕