វិទ្យុជាតិកម្ពុជា ឈួន សំអាត 10-07-2025
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមកពីសាកលវិទ្យាល័យជាតិ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន២០ ទូទាំងប្រទេសកម្ពុជា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមកាហ្វេ និងវិស័យឯកជន ដើម្បីពិភាក្សាពី ការជំរុញការផលិតអាហារកែច្នៃនៅកម្ពុជា សេវាកម្ម និងការបង្កើតទីផ្សារ សម្រាប់លក់ផលិតផលខ្មែរ។
ក្នុងឱកាសនោះ តំណាងគ្រឹះស្ថានឧត្តមសិក្សានីមួយៗ បានបង្ហាញពីផលិតផល ដែលខ្លួនផលិតបានទាំងផលិតផលសេវាកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា និងការកែច្នៃម្ហូបអាហារ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍ថា នៅក្នុងស្ថានភាពបច្ចុប្បន្ន យើងត្រូវខិតខំកែច្នៃផលិតផលថ្មីៗ ពង្រឹងគុណភាព បរិមាណផលិតផល ដែលមានស្រាប់ និងជំរុញឱ្យប្រជាជនខ្មែរស្រឡាញ់ និងប្រើប្រាស់ផលិតផលខ្មែរ។ យើងត្រូវរួមគ្នាគិត និងសហការគ្នា ដើម្បីកាត់បន្ថយការពឹងផ្អែកលើផលិតផលបរទេស និងឈានទៅជំនួសផលិតផលបរទេសឱ្យបានច្រើននាពេលខាងមុខ ។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំ បានកំណត់ទិសដៅសំខាន់ចំនួន៥គឺ ការកែច្នៃអាហារ ការផលិតពូជដំណាំ និងផ្កា ការផលិតជីកសិកម្ម ការបង្កើតប្រព័ន្ធគ្រប់គ្រងឌឺជីថល និងការរួមគ្នាបង្កើតផ្សារសម្រាប់ផលិតផលក្នុងស្រុក៕