លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកស្នួល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អញ្ជើញនាំយកនូវទៀនចំណាំព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៥វត្ត ក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០២៥ ។ ដែរសម្ភារៈវេរប្រគេនក្នុង១វត្ត ទទួលបាន ទៀនវស្សា១គូ គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន២០មុឺនរៀល ព្រមទាំងប្រគេនបច្ច័យចំនួន១,៨០០ដុល្លា កសាងរូបគំនូរ១ផ្ទាំង ក្នុងវត្តសុគន្ធារាមសេះសរ ឃុំស្នួល ស្រុកស្នួលផងដែរ ។
ថ្លែងក្នុងឱកាសនោះ លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្ត បានបញ្ជាក់ថា ÷ រដ្ឋាភិបាលបានធ្វើឱ្យសាសនាទាំងអស់រស់ឡើងវិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តកសាងអភិវឌ្ឍរីកចម្រើនឥតឈប់ឈរក្រោមដំបូលនៃសុខសន្តិភាព និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគេនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខេត្តក្រចេះទាំងមូលផងដែរ ។
លោកបន្តថា បុណ្យចូលព្រះវស្សា ជារៀងរាល់ឆ្នាំ ពុទ្ធបរិស័ទព្រមទាំងសប្បុរសជន អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ តែងតែនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗ រួមទាំងបច្ច័យ៤ និងបច្ច័យកសាង មកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាជានៅរៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ។ ហើយក្នុងនាមក្រុមការងារថ្នាក់ខេត្តទាំងអស់ សូមអំពាវនាវដល់ក្រុមការងារថ្នាក់មូលដ្ឋាន រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តសហការគ្នារៀបចំប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានតាមសទ្ធាជ្រះថ្លារបស់ខ្លួន ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ៕