វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១០ កក្កដា ឆ្នាំ២០២៥
ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ មានជនបរទេសជិត៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។
ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានថ្លែងថា ជនជាតិបរទេសដែលត្រូវបានបណ្តេញចេញពីកម្ពុជានេះ ដោយសារពួកគាត់ប្រព្រឹត្តបទល្មើសគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ជាដើម ។
“ចំពោះចំនួនបណ្តេញចេញនោះ មានចំនួនច្រើននៅក្នុង៦ខែដើមឆ្នាំគឺមានជាង២ពាន់ករណីដែលមានបទល្មើសច្រើន អន្តោប្រវេសន៍នេះ ក៏ច្រើន បទល្មើសផ្សេងៗប្រើប្រាស់អាវុធជាតិផ្ទុះ ប្រើគ្រឿងញៀនខុសច្បាប់ដាច់ខាតត្រូវបណ្តេញចេញ ។ រាជរដ្ឋាភិបាលរបស់យើងមិនឲ្យមានវត្តមាននៅក្នុងប្រទេសកម្ពុជាទេ ។ ចំនួននោះមានជិត៥ពាន់នាក់ដែលមាន៤៦០០នាក់”។
បើតាមឧត្តមសេនីយ៍ឯក សុខ វាសនា ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់បានប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ហើយត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជាក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស ។
សូមបញ្ជាក់ថា កម្ពុជាបានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ លើករណីឆ្លងដែនចូលមកដោយខុសច្បាប់ , ការស្នាក់នៅហួសសុពលភាព , ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំ ។ ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀតដាក់ចូលបញ្ជីខ្មៅមិនឲ្យមកកម្ពុជាតែម្ដង៕