វិទ្យុជាតិកម្ពុជា ឈួន សំអាត ១០ ០៧ ២០២៥
ឯកឧត្ដម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដានេះថា” អ្វីដែលកម្ពុជាត្រូវបារម្ភ គឺកង្វះកម្លាំងពលកម្ម សម្រាប់រោងចក្រសហគ្រាស ដែលកំពុងដំណើរការ និងគ្រោងដំណើរការរាប់រយបន្ថែមទៀត។
ឯកឧត្ដម ស៊ុន មេសា បានលើក ឡើងថា អត្រាពន្ធរបស់អាម៉េរិកនេះ គឺជារឿងសកល ដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះឡើយ ពោលគឺ ឡាវជាប់អត្រាពន្ធ ៤0ភាគរយ មីយ៉ាន់ម៉ា ៤0ភាគរយ ថៃ ៣៦ភាគរយ បង់ក្លាដែស ៣៥ភាគរយ ឥណ្ឌូនេស៊ី ៣២ភាគរយ និងកម្ពុជា ៣៦ភាគរយ។ សម្រាប់កម្ពុជា ក្រោយពីការចរចាពន្ធ កម្ពុជាទទួលបានការកាត់បន្ថយពន្ធច្រើនជាងប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ីពី ៤៩ភាគរយមកត្រឹម ៣៦ភាគរយ។
ឯកឧត្តមអ្នកនាំពាក្សបានបង្ហាញការកត់សម្គាល់ឃើញថា ពន្ធរបស់អាម៉េរិក នៅក្នុងអាណត្តិលោក ដូណាល់ ត្រាំ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ដែលមានរយៈពេលតែ ២ឆ្នាំទៀតប៉ុណ្ណោះ ព្រោះអាម៉េរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលនឹងធ្វើឱ្យរោងចក្រសហគ្រាសនៅតែបន្តរកស៊ីក្នុងប្រទេសកម្ពុជា។ ចំណែកឯរោងចក្រធំៗវិញ គឺមានទីផ្សារទូទាំងពិភពលោក ដូចនេះពួកគេអាចបង្វែរទីផ្សារទៅកាន់ប្រទេសអឺរ៉ុប កាណាដា អូស្រ្តាលី ជប៉ុន អង់គ្លេស និងចិនជាដើម។ ប៉ុន្តែ រោងចក្រតូចៗដែលទទួលការបញ្ជាទិញបន្តច្រើនតង់គ្មានទីផ្សារច្បាស់លាស់នឹងបាត់បង់ការប្រកួតប្រជែង។
ឯកឧត្តមបន្តទៀតថា “រោងចក្រខ្នាតអន្តរជាតិដូចជា H&M, GAP, PUMA និង NIKE ជាដើម នឹងមិនរើរោងចក្រពីប្រទេសកម្ពុជានោះទេ ព្រោះរោងចក្រធំៗទាំងនេះ មានទីផ្សារច្រើនក្រៅពីអាម៉េរិកដូចជា ទីផ្សារអឺរ៉ុប អង់គ្លេស ជប៉ុន ចិន កាណាដា និងអូស្ត្រាលីជាដើម”។
បន្ថែមពីនេះ ក្រៅពីកម្លាំងពលកម្មរបស់កម្ពុជាមានផលិតភាពខ្ពស់ វិនិយោគិនក៏ទទួលបាននូវការសម្រួលយ៉ាងល្អប្រសើរពីសំណាក់រដ្ឋាភិបាលកម្ពុជា ហើយសូម្បីក្រសួងការងារក៏បានកាត់បន្ថយសេវាជាច្រើនដើម្បីសម្រួលដល់វិនិយោគដែរ។
អ្នកនាំពាក្យរូបនេះ មើលឃើញទៀតថា ការរើរោងចក្រត្រូវចំណាយពេលយូរ និងមាននីតិវិធីស្មុគស្មាញ ត្រូវចុះបញ្ជី ទិញ/ជួលទីតាំងដី និងសំណង់ និងត្រូវសាងសង់ រៀបចំប្រព័ន្ធគ្រប់គ្រងក្នុងរោងចក្រ ហើយការរើសបុគ្គលិក និងការផ្តើមប្រតិបត្តិការគឺមិនអាចធ្វើឱ្យរោងចក្រធំៗជ្រើសរើសការរើចេញនោះឡើយ។
ក្រៅពីបញ្ហាពន្ធអាម៉េរិកចំនួន ៣៦ភាគរយ កម្ពុជាកំពុងរីករាយនឹងគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣៧៣ ជាមួយនឹងទុនវិនិយោគ ៥,៨ ប៊ីលានដុល្លារអាម៉េរិក នឹងបង្កើតឱកាសការងារប្រមាណជាង ២៥ម៉ឺនកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ការសម្រេចចិត្តរបស់វិនិយោគបរទេសដែលមានទាំងក្រុមហ៊ុនអាម៉េរិកផង ក៏បានដឹងពីពន្ធរបស់អាម៉េរិកដែរ ប៉ុន្តែនៅតែមកបោះទុនវិនិយោគ នោះមានន័យថា ពន្ធអាម៉េរិករយៈពេលខ្លីនេះ គឺប្រហែលជាមិនមែនជាការព្រួយបារម្ភធំដុំទេ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវ ដល់សង្គមស៊ីវិល សហជីព និងអ្នកនយោបាយមួយចំនួនតូច កុំប្រើប្រាស់លេស ការតម្លើងពន្ធរបស់អាម៉េរិកមកលើកម្ពុជា ជាឈ្នាន់នយោបាយ បំភិតបំភ័យកម្មករ និងពលរដ្ឋស្លូតត្រង់ ហើយគួរប្រកាន់យកប្រយោជន៍ជាតិដ៏ឧត្តុង្គឧត្តមជំនួសវិញ៕