រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ យកចិត្តទុកដាក់ពង្រឹងបដិសណ្ឋារកិច្ចស្ដង់ដា គុណភាពសេវាកម្ម ផ្ដោតលើកត្តាអនាម័យ បរិស្ថាន និងភាពទាក់ទាញ ថ្លែងបើកវេទិកាបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប លើកទី២ ឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី១០ ខែកក្កដានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងបដិសណ្ឋារកិច្ច ស្ដង់ដារ និងគុណភាពសេវាកម្មឱ្យ បានប្រសើរឡើង ដោយត្រូវផ្ដោតសំខាន់លើកត្តាអនាម័យ បរិស្ថាន និងភាពទាក់ទាញ និងត្រូវពង្រឹងការគ្រប់គ្រង និងការដឹកនាំឱ្យមានប្រសិទ្ធភាព និងបរិយាបន្ន។ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សម ស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីរៈចម្រុះនានាប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត និងទាញយកផលប្រយោជន៍ផ្ទាល់ពីទេសចរណ៍ ប្រកបដោយសមធម៌ ជាពិសេសការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បន្តថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត ១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារយ៉ាងច្រើន ដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកវិស័យទេសចរណ៍ឱ្យនៅបន្តជាវិស័យអាទិភាព មួយសម្រាប់កំណើនសេដ្ឋកិច្ច។ ជាមួយលទ្ធផលប្រកបដោយផ្លែផ្កាវិជ្ជមានខាងលើ ពុំមែនកើតចេញតែពីក្រសួងទេសចរណ៍តែឯកឯងនោះទេ ប៉ុន្តែវាកើតចេញពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានាពេលកន្លងមក។ សូមជម្រាបថា កាលពីឆ្នាំ១៩៩៨ កម្ពុជាទទួលបានអ្នកទេសចរបរទេសមកកម្សាន្ត ប្រមាណតែជាង ២៩ម៉ឺននាក់។ ប៉ុន្តែចំនួននេះបាន ឡើងដល់ជាង ៦,៦លាននាក់ នៅឆ្នាំ២០១៩ ហើយដែលបច្ចុប្បន្ននេះ កម្ពុជាទទួលទេសចរ ៦,៧លាននាក់ នៅឆ្នាំ២០២៤ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។ សម្រាប់រយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៣លាននាក់ កើនឡើងជិត ១១.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤៕ អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ កែសម្រួល៖ លោក អ៊ុន ណារាជ្យ