ខេត្តមណ្ឌលគិរី ៖ កសិករម្នាក់រស់នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងជោគជ័យខ្លាំង ជាមួយមុខរបរធ្វើចំការចម្រុះមុខ ដោយអាចរកចំណូលជារៀងរាល់ថ្ងៃ លើប្រភេទបន្លែតាមរដូវកាល។ ស្ថិតក្នុងវ័យជាងសែសិបឆ្នាំ លោក មុយ រ៉ាដូ បានដាំដំណាំចម្រុះមុខជាច្រើនប្រភេទ លើផ្ទៃដីទំហំ ១៤ហិកតា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារនានា តាមបណ្តាខេត្ត និងផ្សារទំនើបក្នុងរាជធានីភ្នំពេញ ដែលរង់ចាំទទួលទិញបន្លែពីចំការគាត់ទោះមានប៉ុន្មានក៏មិនសល់ ។ បើតាមលោក រ៉ាដូ បានឲ្យដឹងថា នារដូវធ្លាក់ភ្លៀងឆ្នាំ២០២៥នេះ ក្នុងចំការរបស់គាត់ សព្វថ្ងៃបានដាំដំណាំដូចជា ពោតពណ៍ស្វាយ ត្រឡាច ល្ហុងពូជហ៊ូលេន ម្ទេសអាចម៍សត្វ ម្ទេសហាវ៉ៃ តាសក់ស្រូវ-ផ្អរ សណ្តែកជប៉ុន ឪឡឹកពណ៍លឿង ប៉េងប៉ោះ។ ខណៈរដូវនេះសម្បូរភ្លៀងធ្លាក់គាត់កំពុងបណ្តុះប្រភេទបន្លែ ស្ពៃក្តោប និងស្ពៃបូកគោ ដាំក្នុងផ្ទះសំណាញ់ដើម្បីរក្សាគុណភាព និងការពារការបំផ្លាញ ពីសត្វល្អិតនិងទឹកភ្លៀង។ ដោយសារគ្រួសាររបស់លោក មុយ រ៉ាដូ មានហាងលក់បន្លែផ្លែឈើ ផ្ទាល់ខ្លួននៅរាជធានីភ្នំពេញចំនួនពីរទីតាំង និងមានកុងត្រាទិញលក់ ជាមួយផ្សារទំនើប និងក្រុមហ៊ុនមួយចំនួនបន្ថែមទៀត ទើបគ្រប់ផលិតផលដែលគាត់បានដាំដុះក្នុងចំការ មិនមានការព្រួយបារម្ភជន់ស្ទះខ្វះទីផ្សារឡើយ ពោលគឺខ្លាចតែគ្មានបន្លែផ្គត់ផ្គង់ទៅអតិថិជនទាន់ពេលវេលា នេះជាការបញ្ជាក់បន្ថែមពីលោក រ៉ាដូ ។ ទន្ទឹមភាពជោគជ័យ ជាមួយមុខរបរដាំដុះបន្លែបង្ការ លក់វិលជុំស្ទើរគ្រប់រដូវកាល កសិករ មុយ រ៉ាដូ បានបង្ហើបពីផលលំបាកខ្លះៗដែរថា កត្តាអាកាសធាតុ កង្វះដើមទុន និងកម្លាំងពលកម្ម បានធ្វើឲ្យគាត់ត្រូវដេកឈឺក្បាលម្តងម្កាល ដើម្បីរកដំណោះស្រាយ ។ តែករណីទាំងនេះ ក៏មិនបានចោទជាបញ្ហា រហូតដល់បញ្ឈប់ដំណើរការផលិតបន្លែសុវត្ថិភាពរបស់គាត់ទេ ដ្បិតនេះជារឿងដែលត្រូវតែកើតមានសម្រាប់ម្ចាស់ចំការធំៗដូចរូបលោក។ ក្រៅពីអាចផលិតបន្លែមានសុវត្ថិភាព លក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរបានទទួលទាន ចំការបន្លែរបស់លោក មុយ រ៉ាដូ អាចជួយដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០នាក់ ឲ្យមានការងារធ្វើនៅហ្នឹងកន្លែង មិនពិបាកចំណាក់ស្រុកទៅប្រទេសដទៃដើម្បីស្វែងរកការងារធ្វើ។ សម្រាប់បងប្អូនកម្មករ ដែលកំពុងបំពេញការងារនៅចំការខាងលើ ទទួលបានប្រាក់កម្រៃក្នុងមួយខែចំនួន៩០ម៉ឺនរៀល អាហារបីពេល និងកន្លែងស្នាក់នៅ ពីម្ចាស់ចំការតែម្តង ដែលធ្វើឲ្យពួកគាត់មានលទ្ឋភាពសន្សំប្រាក់សម្រាប់អភិវឌ្ឍន៍ជីវភាពគ្រួសារ។ យោងតាមរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការងារបង្កបង្កើនផលដំណាំបន្លែគ្រប់ប្រភេទនា៦ខែឆ្នាំ២០២៥នេះ អនុវត្តសរុបបានចំនួន ៩២ហិកតា កើនលើសឆ្នាំមុនចំនួន ០៩ហិកតា ក្នុងនោះ ដំណាំបន្លែយកផ្លែ អនុវត្តបានសរុបចំនួន ៥៨ហិកតា ដំណាំបន្លែយកស្លឹក ផ្កា ដើម អនុវត្តបានសរុបចំនួន ២៣ហិកតា ដំណាំបន្លែយកមើម អនុវត្តបានសរុបចំនួន១១ហិកតា ៕ ស៉ីផុន ហ៊ុងគ្រី