វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ៧ ២០២៥
ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញកម្មវិធីនយោបាយជាអាទិភាព ក្នុងការបន្តបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសដទៃលើពិភពលោក ដែលប្រជាជនកំពុងតែរងគ្រោះរងទុក្ខលំបាកព្រោះសង្គ្រាមបើទោះបីជាជួបការប៉ះទង្គិចប្រដាប់អាវុធ និងជំងឺកាចសាហាវ ក៏កម្ពុជា នៅតែបញ្ជូនកងទ័ពមួកខៀវក្នុងគោលដៅថែរក្សាសន្តិភាព និងមនុស្សធម៌។
ក្នុងពិធីទទួលដំណើរកងទ័ពមួកខៀវកម្ពុជាប្ដូរវេនចំនួន២៤៤រូប ទៅបំពេញបេសកកម្មនៅអាហ្វ្រិកកណ្ដាល ឯកឧត្តម ឧត្ដមសេនីយ៍ទោ សែម រតនា បានមានប្រសាសន៍ថា ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែលកម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើងបាននិងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈប្រពៃណីផង “Traditional Security” និងមិនប្រពៃណីផង "Non- Traditional Security” ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋការប្រយុទ្ធប៉ះទង្គិចគ្នារវាង ក្រុមប្រដាប់អាវុធនានា ការវាយប្រហារ ពួនស្ទាក់ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបរិច្ចាគកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទានដល់កិច្ច ប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើសកលលោក។
ឯកឧត្តម បានបន្តថា កម្ពុជាបានរួមវិភាគទានក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព ចូលរួមប្រយុទ្ធដោះស្រាយ បញ្ហាប្រឈមនានានៅលើពិភពលោក តាមរយៈការចូលរួមកិច្ចប្រជុំវេទិកានានា ទាំងក្នុងក្របខណ្ឌតំបន់ និង អន្តរជាតិ សំដៅចែករំលែកបទពិសោធ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលពិភពលោកកំពុងជួបប្រទះ ដូចជា ប្រឆាំងនឹងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរគ្រឿងញៀន និងជំងឺឆ្លង។ល។
អ្នកសម្របសម្រួលអង្គការប្រជាជាតិប្រចាំកម្ពុជា Joseph Scheuer ចាត់ទុកសកម្មភាពរបស់កម្ពុជា ក្នុងការបន្តបញ្ជូនកងទ័ពមួកខៀវទៅថែរក្សាសន្តិភាពនាពេលនេះ ជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្តិភាព សេចក្តីថ្លៃថ្នូរ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
ក្នុងនាមអង្គការសហប្រជាជាតិ លោក Joseph Scheuer ក៏អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញរបៀបវារៈសន្តិភាព និងសន្តិសុខ អន្តរជាតិ តាមរយៈការចូលរួមយ៉ាងសកម្ម បេសកកម្មរក្សាសន្តិភាព និងសន្តិសុខ និងការរួមចំណែកយ៉ាងសំខាន់ក្នុង របស់អង្គការសហប្រជាជាតិ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា រយៈពេល១៩ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់បច្ចុប្បន្នកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវចំនួន ១០,១៩១នាក់ ទៅកាន់ប្រទេសចំនួន១០ ក្នុងតំបន់បេសកកម្មចំនួន១២ ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។ គិតមកដល់ឆ្នាំ២០២៥នេះ កងទ័ពមួកខៀវកម្ពុជា បានស្លាប់ចំនួន ១៣រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៦រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ៕