វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ៧ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគប្រជាជនវ័យក្មេងលើការអប់រំសុខភាពនិងការងារ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តារួមចំណែកយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេស។
តាមរយៈសារលិខិត ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦ ក្រោមប្រធានបទ «ការពង្រឹងភាពអង់អាចដល់ប្រជាជនវ័យក្មេង ក្នុងការ បង្កើតគ្រួសារដែលពួកគេប្រាថ្នាក្នុងពិភពលោកមួយដែលមានសមធម៌និងក្តីសង្ឃឹម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តបង្កើនការវិនិយោគលើប្រជាជនវ័យក្មេងគ្រប់ជំនាន់ តាមរយៈការពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិត ការលើកកម្ពស់សេវាសុខភាព ការអភិវឌ្ឍជំនាញបច្ចេកទស និងការបង្កើតការងារសមរម្យដើម្បីកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យពោរពេញទៅដោយមហិច្ឆតានេះ យើងចាំបាច់ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ច្បាស់លាស់ដែលផ្តោតលើប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ស្រ្តី និងក្មេងស្រី សម្រាប់កសាងសង្គមមួយដែលមានវិបុលភាព និងប្រកបដោយភាពធន់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងផែនការ សហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវជាក់លាក់ស្តីពីប្រជាជនដោយផ្អែកលើភស្តុតាង និងការគោរពសិទ្ធិបុគ្គលក្នុងការបង្កើតគ្រួសារនិងចំនួនកូនតាមបំណងប្រាថ្នា។ ការវិនិយោគលើប្រជាជនវ័យក្មេងនាថ្ងៃនេះ ជាពិសេសការវិនិយោគលើការអប់រំសុខភាព និងការងារ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការឈានទៅរកវ័យចាស់ប្រកបដោយផលិតភាព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានជំនឿមុតមាំថា ការវិនិយោគលើប្រជាជនវ័យក្មេងនាពេលនេះតាមរយៈការផ្ដល់ឱកាសទទួលបានការអប់រំ ការថែទាំសុខភាព និងការងារសមរម្យ កម្ពុជានឹងទទួលបាននូវវ័យចាស់ដែលមានសុខភាពល្អនិងសកម្មនាពេលអនាគត ដែលជាធនធាននិងទ្រព្យធនជាតិដ៏សំខាន់ក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេស៕