ឯកឧត្តម កើត រិទ្ធ ៖ ប្រទេសជាង១៥០ មានច្បាប់ដកសញ្ជាតិ

Narith | ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៥

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ប្រទេសជាង១៥០នៅក្នុងពិភពលោកសុទ្ធតែមានច្បាប់ដកសញ្ជាតិលើប្រជាពលរដ្ឋរបស់ខ្លួន ខណៈកម្ពុជាក៏ធ្លាប់មានច្បាប់នេះដែរ ។

ក្នុងបទអន្តរាគមន៍ចូលរួមការពារសេចក្ដីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មលើកទី១១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងសម័យប្រជុំរដ្ឋសភា នាថ្ងៃទី១១ ខែកក្កដា ឯកឧត្តម កើត រិទ្ធបានមានប្រសាសន៍ថា ចំពោះការលើកឡើងរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរជាអំពើប្រល័យពូជសាសន៍នោះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ គ្មានស្រាវជ្រាវ និងគ្មានការយល់ដឹង។
ឯកឧត្តមរដ្ឋមន្រ្តីចោទជាសំណួរថា បើការដកសញ្ជាតិជាអំពើប្រល័យពូជសាសន៍  ចុះហេតុអ្វីបានជាប្រទេសជាង១៥០លើពិភពលោកដែលមានច្បាប់ដកសញ្ជាតិនេះឬជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍?។
សំឡេង “ប្រសិនបើការដកសញ្ជាតិគឺជាអំពើប្រល័យពូជសាសន៍ នោះប្រទេសជាង ១៥០ នៅលើពិភពលោក រាប់ទាំងប្រទេសមហាអំណាចធំៗ ដូចជា អាម៉េរិក, បារាំង, អង់គ្លេស, អាល្លឺម៉ង់, អូស្រ្តាលី, កាណាដាជាដើម ដែលមានច្បាប់ដកសញ្ជាតិនេះ តើសុទ្ធតែជាប្រទេសដែលប្រព្រឹត្តប្រល័យពូជសាសន៍?”។

ឯកឧត្តមពន្យល់ថា ការរៀបចំតាក់តែងបង្កើតឲ្យមានច្បាប់ដកសញ្ជាតិ ដែលមានទាំងនៅបរទេសរួចហើយ និងកំពុងរៀបចំនៅកម្ពុជា នៅពេលនេះ គឺមិនត្រឹមតែមិនមែនជាអំពើប្រល័យពូជសាសន៍ទេ ប៉ុន្តែដើម្បីការពាររដ្ឋតាមរយៈការបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាជនចំពោះប្រជាជាតិរបស់ខ្លួន។ 

បើតាមការផ្សព្វផ្សាយពីរដ្ឋសភាកម្ពុជា បណ្ដាប្រទេសជាង១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឲ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ អឺរ៉ុបដែលមាន២៨ប្រទេស គឺមាន១៨ប្រទេស មានច្បាប់ដកសញ្ជាតិ ។ ចំណែកនៅតំបន់អាស៊ាន មាន៩ប្រទេសហើយដែលមានច្បាប់ដកសញ្ជាតិ ។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាម៉េរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម។
សូមបញ្ជាក់ថា ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ ព្រោះសម្រាប់កម្ពុជាកាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម៕

ឯកឧត្តម កើត រិទ្ធ ៖ ប្រទេសជាង១៥០ មានច្បាប់ដកសញ្ជាតិ
ឯកឧត្តម កើត រិទ្ធ ៖ ប្រទេសជាង១៥០ មានច្បាប់ដកសញ្ជាតិ
ឯកឧត្តម កើត រិទ្ធ ៖ ប្រទេសជាង១៥០ មានច្បាប់ដកសញ្ជាតិ
ឯកឧត្តម កើត រិទ្ធ ៖ ប្រទេសជាង១៥០ មានច្បាប់ដកសញ្ជាតិ