វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥
MC. អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency ) កំពុងជួសជុលជ្រុងឦសាន នៃរួតបាកានប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្នកំពុងដំណើរការ ទៅតាមការគ្រោងទុក ដើម្បីសង្រ្គោះប្រាសាទដ៏ស្កឹមស្កៃឱ្យរួចផុតពីហានិភ័យ។
លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល នៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានឱ្យដឹងថា គម្រោងជួសជុលជ្រុងឦសាននៃរួតបាកាន បានចាប់ផ្តើមនៅឆ្នាំ២០២៥ បន្ទាប់ពីប្រើពេលមួយឆ្នាំ គឺនៅឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវ និងសិក្សាពីបច្ចេកទេសដើម្បីដំណើរការជួសជុល។ ដោយគម្រោងជួសជុល នឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៦ខាងមុខ។
អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលខាងលើ បានបង្ហាញមោទនភាពចំពោះ កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ស្កឹមស្កៃ និងខ្ពង់ខ្ពស់របស់ប្រជាជាតិកម្ពុជា។ លោករំពឹងថា ទៅអនាគតស្ថាប័នកូរ៉េ នឹងបន្តចូលរួមលើកិច្ចការអភិរក្ស ក្នុងតំបន់រមណីយដ្ឋានអង្គរបន្តបន្ទាប់ទៀត ក្នុងន័យចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោកមួយនេះ ឱ្យកាន់តែរឹងមាំ និងគង់វង្ស។
ចំណែកលោក ឃាម មុនី មន្រ្តីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ដែលចូលរួមក្នុងគម្រោងជួសជុលខាងលើ បានលើកឡើងថា ស្ថានភាពខឿនថ្ម និងជណ្ដើរជ្រុងឦសាន មុនពេលជួសជុល បានញែក និងរហែក ដែលមើលទៅមានហានិភ័យខ្ពស់គួរឱ្យបារម្ភជាខ្លាំង។លោកថា ចំពោះបច្ចេកទេសជួសជុលវិញ ក្រុមការងារបានចាប់ផ្តើមរើថ្ម និងរៀបចំពង្រឹងឡើងវិញ ពីមួយស្រទាប់ទៅមួយស្រទាប់ ដោយធានាពីភាពរឹងមាំទៅអនាគត។
លោកបានបន្តថា ចំពោះបច្ចេកទេសជួសជុលហាក់មានលក្ខណៈស្មុគស្មាញបន្តិច តែអ្នកជំនាញអាចធានាបាននូវសុវត្ថិភាពចំពោះប្រាសាទ និងបានគោរពតាមអនុសាសន៍យ៉ាងត្រឹមត្រូវ របស់អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។
របៀបជួសជុលនៃប្រាសាទអង្គរវត្តឬក៏ជ្រុងបាកានគឺមានលក្ខណៈស្មុគស្មាញបន្តិច ដោយសារមុនដំបូងយើងត្រូវសិក្សាថា៖ ថ្មរបៀបហ្នឹង ហែករបៀបហ្នឹង ក្រៀករបៀបហ្នឹង តាមថ្នាក់តាមជាន់ តើយើងប្រើវិធីសាស្ត្រអ្វី ដើម្បីរុញថ្មហ្នឹងឱ្យចូលទៅកន្លែងដើម? រុញថ្មចូលកន្លែងដើមហើយតើយើងត្រូវប្រើវិធីសាស្ត្រអី? គន្លឹះរបស់ថ្ម គឺវានៅជាន់លើបង្អស់នៃរួតបាកានហ្នឹង។ អីចឹងវិធីសាស្ត្រដែលយើងត្រូវដោះ គឺរើថ្មពីលើចុះមកក្រោមវិញ ហើយរើនេះយើងអត់រើទាំងស្រុងទេ យើងរើក្នុងស្មារតីទទួលខុសត្រូវខ្ពស់ យើងត្រូវរើដោយប្រុងប្រយ័ត្ន តើផ្នែកណាយកទុក ផ្នែកណាយើងរើ អីចឹងយើងរើនេះជាផ្នែកៗ។
សូមជម្រាបថា គម្រោងជួសជុលជ្រុងឦសាន នៃរួតបាកានអង្គរវត្ត ត្រូវបានរៀបចំពិធីប្រុងពលី បើកការដ្ឋានជួសជុលនៅក្នុងខែ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។ រួតបាកាន មានទីតាំងនៅកំពូលខាងលើ នៃប្រាសាទអង្គរវត្ត។ ទេសចរទាំងឡាយ នៅពេលទៅកម្សាន្តនៅប្រាសាទនេះ មិនភ្លេចឡើយឡើងទៅទស្សនានៅរួតបាកាននេះ ដើម្បីគយគន់គ្រប់ផ្នែក និងទេសភាពនៅជុំវិញប្រាសាទអង្គរវត្ត។ មិនតែប៉ុណ្ណោះ រួតបាកាន ជាទីសក្ការៈដ៏ស័ក្តិសិទ្ធិមួយ ដើម្បីបន់ស្រន់សុំសេចក្តីសុខសប្បាយជាដើម៕