វិទ្យុជាតិកម្ពុជា
«ពិព័រណ៍«ពន្លកបៃតង»ចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥ រៀបចំឡើងដើម្បីបណ្ដុះគំនិត របស់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ត្រៀមរៀបចំពិព័រណ៍«ពន្លកបៃតង» ចែកកូនឈើដោយឥតគិតថ្លៃ ជូនសាធារណជនយកទៅដាំ រួមមួយព្រឹត្តិការណ៍ដាំដើមត្នោត ចំនួន១លានដើមនៅកម្ពុជា ក្នុងឆ្នាំ២០២៥ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី ក្រោមម្លប់សន្តិភាព ការេកភាពជាតិ និងឯកភាពទឹកដី កើតចេញពី ការដឹកនាំយកជីវិតធ្វើដើមទុន និងនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តដោយជោគជ័យយុទ្ធសាស្រ្តចតុកោណ សម្រេចបានសមិទ្ធផលរីកចម្រើនគ្រប់វិស័យ ក្នុងនោះវិស័យបរិស្ថាន ដែលបានបង្កើតតំបន់ការធម្មជាតិចំនួន៧៣តំបន់ មានផ្ទៃដីជាង៧លានហិចតា ស្មើនឹងជាង៤០%នៃផ្ទៃដីប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀត បន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ និងបានដាក់ចេញអភិក្រម «អភិវឌ្ឍន៍ដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឍន៍» តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ អនុលោមតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានចេញស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងការចង្អុលបង្ហាញដោយផ្ទាល់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីព្រឹងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព គឺការយកចិត្តទុកដាក់លើការពង្រីក គម្របព្រៃឈើរបស់កម្ពុជា។ ដូចនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ«ពន្លកបៃតង» គឺការបណ្តុះគំនិតស្រឡាញ់ភាពបៃតង តាមរយៈសកម្មភាពបណ្តុះកូនឈើ ចែកកូនឈើ និងដាំដើមឈើ ឱ្យបានច្រើនយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» រួមជាមួយព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ក្នុងអំឡុងពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើ ជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ជូនដល់សាធារណជន ដើម្បីយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗ ដែលជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់និងចូលរួមដាំដើមឈើ បង្កើនវិសាលភាព គម្របព្រៃឈើនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចការ អភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ពិព័រណ៍«ពន្លកបៃតង ឆ្នាំ២០២៥ មានការដាក់តាំងបង្ហាញ សមិទ្ធផលនានា របស់ក្រសួងបរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគម យុវជន ព្រមទាំងផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍ផងដែរ៕