វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៧ ២០២៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់ខ្លួន ឱ្យយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សំដៅទាញយកនូវផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI ក៏ដូចជាទប់ស្កាត់នូវហានិភ័យនៃព័ត៌មានក្លែងក្លាយ។
វគ្គបណ្ដុះបណ្ដាល រយៈពេល ២ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងការសិក្សាស្រាវជ្រាវត្រៀមរៀបចំ ចងក្រងនឹងបង្កើតមាតិកាអប់រំអ្នកបោះឆ្នោត ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ក្នុងការលើកកម្ពស់ការយល់ដឹងអំពីលទ្ធិប្រជាធិតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ដើម្បីជាគុណប្រយោជន៍ ដល់អ្នកបោះឆ្នោត សាធារណជន ភាគីពាក់ព័ន្ធ និងអ្នកសិក្សាស្រាវជ្រាវ។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ដែលធ្វើឡើងនៅខេត្តព្រះសីហនុ ឯកឧត្ដម ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានថ្លែងថា បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅកម្ពុជា និងពិភពលោកមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងការផ្តល់ព័ត៌មាននានា ដើម្បីសម្របខ្លួនទៅនឹងបរិបទឌីជីថល និងសម័យកាលអ៊ីនធឺណិត។ តួអង្គនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បាននិងកំពុងមានប្រជាប្រិយភាព និងពេញនិយមយ៉ាងខ្លាំងក្នុងការងារជាច្រើន។ ដូច្នេះក្នុងនាមអង្គភាពទទួលបន្ទុកអនុវត្តការងារបោះឆ្នោតទាំងនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ លធ.ខប យើងត្រូវត្រៀមខ្លួនទាំងអស់គ្នា ដើម្បីពង្រឹងសមត្ថភាពជំនាញឌីជីថល ក្នុងគោលបំណងទាញយកនូវផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នេះ ក្នុងការបង្កើតមាតិកាអប់រំក៏ដូចគ្នានឹងការងារត្រៀមខ្លួនក្នុងការទប់ស្កាត់នូវហានិភ័យនៃព័ត៌មានក្លែងក្លាយ និងភាពលម្លៀងក្នុងការផលិតមាតិកាផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសនៅពេលដែលគេប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលបំណងកេងចំណេញនយោបាយ នោះតួអង្គ AI នេះ គឺជាតួអង្គអាវុធមុខពីរ។
នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ គឺជាឆ្នាំដែល គ.ជ.ប ត្រូវត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨។ ការងារអប់រំ និងការងារផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការបោះឆ្នោត និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធានានូវតម្លាភាពនៃការបោះឆ្នោត។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ នឹងចែករំលែកនូវបទពិសោធន៍ល្អៗ រួមទាំងចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈម ដើម្បីត្រៀមរៀបចំផែនការសកម្មភាពឆ្នាំថ្មី ក្នុងគោលបំណងពីរ គឺប្រសិទ្ធភាព និងភាពសក្តិសិទ្ធិក្នុងការអនុវត្តការងារ ទៅតាមតួនាទី ភារកិច្ចរាងៗខ្លួន ហើយវគ្គបណ្ដុះបណ្ដាលនេះ មានប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖១.ព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI), ២. យុទ្ធសាស្រ្តក្នុងការកំណត់ព័ត៌មានក្លែងក្លាយ និងវិធីទប់ស្កាត់ព័ត៌មានក្លែងក្លាយ, ៣. បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការបោះឆ្នោត, ៤. ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យអប់រំអ្នកបោះឆ្នោត៕