អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចជាឯកច្ឆន្ទ ចុះ«បូជនីយដ្ឋានចងចាំនៃកម្ពុជា» ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារំាង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាជាតិកម្ពុជា ទាំងមូលពិតជាចងចាំមិនភ្លេច ថ្ងៃដ៏វិសេសវិសាលនេះ។ ក្នុងនោះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ព្រះសង្ឈ មន្ត្រីរាជការ រួមទាំងបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទូទាំងប្រទេស បានមកជួបជុំគ្នា តាមទីតាំងសាធារណៈ ក្រសួងស្ថាប័ន វត្តអារាម ក្នុងស្មារតីរួមគ្នាតែមួយ គឺអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ « ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីរបស់ពិភពលោក។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
អនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លា ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងក្រោមជាតិ រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង៧៖០០នាទីព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសសកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាព ឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ។ សំឡេង វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដែលបានប្រារព្ធឡើង នៅគ្រប់កន្លែងសាធារណៈ រួមមានទាំងស្ថាប័នរដ្ឋ និងឯកជន សាលាក្រុង-ស្រុក រហូតដល់សហគមន៍ជនបទនានាទូទាំងប្រទេស បានបន្លឺឡើងយ៉ាងកងរំពង ក្លៀវក្លានិងអធិកអធមជាទីមោទនៈ។
លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ក្នុងឱកាសក្រសួងរៀបចំពិធីទូងស្គរ គោះជួង ដើម្បីអបអរសាទរការចុះ"បូជនីយដ្ឋានចងចាំនៃកម្ពុជា÷ពីទីតាំងឧក្រឹដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព"ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ថា៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ អបអរសាទរ « ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីរបស់ពិភពលោក ពិតជាថ្ងៃដ៏វិសេសវិសាល និងជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានដាក់បញ្ជូលទំព័រប្រវត្តិសាស្ត្រដ៏សែនឈឺចាប់មួយ របស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនឹងបង្ហាញពីការចងចាំមិនភ្លេច សោកនាដកម្មសម្លាប់ជាតិសាសន៍ឯងអស់ជាង៣លាននាក់។ លោកជំទាវមានប្រសាសន៍បន្ថែមថា៖ ពិធីអបអរសាទរ ការដាក់បញ្ចូលតំបន់ប្រល័យពូជសាសន៍ទាំង០៣ ទីតាំង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ជាការបង្ហាញ និងរំឭកឡើងវិញ អំពីវីរៈភាព ការតស៊ូរំដោះកម្ពុជា ក្លាយជាប្រទេសមានសុខសន្តិភាព ពីសំណាក់សម្តេចតេជោហ៊ុន សែន ជាប្រតិបត្តិករស្វែងរកសន្តិភាព និងបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រើអស់កម្លាំងកាយចិត្ត និងយុទ្ធសាស្ត្រ លះបង់គ្រប់យ៉ាង ធ្វើយ៉ាងណាបន្តថែសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលជាមរតកដ៏មហាថ្លៃថ្លា និងមានតម្លៃបំផុតរបស់កម្ពុជា។
សំឡេងទី១« ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយជាមោទនភាពណាស់ ដែលកម្ពុជាបានបញ្ជូលទំព័រប្រវត្តិសាស្ត្រដ៏ឈឺចាប់ របស់ប្រជាពលរដ្ឋកម្ពុជា ជាង៣លាននាក់ដែលបានបាត់បង់ ហើយអ្នកដែលរស់នៅ ដែលសេសសល់ពីការស្លាប់ កំពុងតែ ថ្ងៃនេះជាថ្ងៃដែលក្តុកក្តួលរំឭកត្រឡប់ឡើងវិញ ក៏ប៉ុន្តែជាការដឹងគុណដ៏ថ្លៃថ្លា ចំពោះថ្នាក់ដឹកនាំ ដែលបានបញ្ចូល៣កន្លែង កន្លែឧក្រិដ្ឋកម្ម ដែលឯកឧត្តមរដ្ឋមន្ត្រី លោកបានលើកប្រវត្តិនៃគុកទាំងអស់ដែលជាជម្រកឧក្រិដ្ឋកម្ម បានដាក់ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អ៊ីចឹងខ្ញុំឃើញថា ថ្ងៃនេះជាថ្ងៃដែលពួកយើងទាំងអស់គ្នា រីករាយណាស់ មិនថាខ្ញុំ មិនថាប្អូន មិនថាមន្ត្រីរាជការឬប្រជាពលរដ្ឋទេ រង់ចាំថ្ងៃនេះ។ ហើយក៏សូមអរគុណប្រមុខរាជរដ្ឋាភិបាល ដែលលោកបានគិតគូរឱ្យកម្ពុជាយើង មានសុខសន្តិភាព រហូតមកដល់ថ្ងៃនេះហើយនិងកិត្យានុភាពដ៏អស្ចារ្យរបស់យើងទៅកាន់ពិភពលោក »។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា ៖ ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសវិសាល ដែលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការប្រារព្ធពិធីអបអរសាទរ ការដាក់បញ្ចូលនូវតំបន់ប្រល័យពូជសាសន៍ទាំង ០៣ ទីតាំង រួមមាន ៖ «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣» ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក ដែលនេះគឺជាការកំណត់តម្លៃថ្មីមួយបន្ថែម ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី ចងចាំពីគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលពីមួយជំនាន់ទៅមួយជំនាន់ ក្នុងការបន្តប្ដេជ្ញាចិត្តរួមគ្នារក្សាសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ជាពិសេសយកជីវិតទៅប្តូរ ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ ។
សំឡេងទី២ « នៅថ្ងៃនេះដែរគឺជាការចងចាំនូវគុណដ៏មានតម្លៃខ្ពង់ខ្ពស់ ហើយក្នុងនាមជាមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋកម្ពុជា គឺចងចាំក៏ដូចជារំឭកនូវគុណូបការៈរបស់សម្ដេចតេជោ និងបុព្វបុរសខ្មែរទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងក៏ដូចជាថែរក្សានូវកេរដំណែល ដែលកម្ពុជាបានទទួលត្រឡប់មកវិញក្រោយរបបប្រល័យពូជសាសន៍ ។ ដូច្នេះយើងត្រូវតែរួមគ្នាបន្តថែរក្សា ធ្វើយ៉ាងណាឱ្យក្មេងជំនាន់ក្រោយ អាចទទួលបាននូវការចងចាំពីតម្លៃនេះដូចគ្នា. នេះគឺជារឿងសំខាន់ ហើយយើងទាំងអស់គ្នាត្រូវចូលរួមទាំងអស់គ្នា ពីព្រោះបើយើងបាត់បង់ដួងព្រលឹងជាតិ គឺនឹងធ្វើឱ្យកម្ពុជាមានការចុះខ្សោយ ដូចបច្ចុប្បន្ននេះយើងឃើញហើយថា ពាក់ព័ន្ធជាមួយនឹងជម្លោះជាមួយប្រទេសជិតខាង ដែលចាំបាច់ណាស់ ប្រជាជនកម្ពុជា ត្រូវរួមសាមគ្គីគ្នាជាកម្លាំង ជាធ្លុងមួយ ជាជាតិមួយ បង្ហាញពីកម្ពុជាដ៏រឹងមាំ មានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន គឺត្រូវរួមកម្លាំងគ្នា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីជាតិកម្ពុជារបស់យើង »។
ចំណែកលោកស្រី ស៊្រុន សុធា ជាមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមោទនភាព ដែលប្រមុខរាជរដ្ឋាភិបាលក៏ដូចជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបចំពិធីអបអរសាទរ ការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃកម្ពុជា « ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព » ដែលនេះគឺជាការបង្ហាញ ទៅកាន់ពិភពលោក បានឃើញការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ បង្ហាញពីស្មារតីសាមគ្គីរួបរួមជាតិតែមួយ ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្សសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិកម្ពុជា។
សំឡេងទី៣« នាងខ្ញុំពិតជាសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលបានចូលរួមកម្មវិធីនេះ ហើយក៏យល់ឃើញថា វាជាកត្តាល្អបំផុត ដែលបានប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដាក់បញ្ជូល តំបន់ទាំង៣នេះ ទៅក្នុងសម្បត្តិបេតកភណ្ឌពិភពលោក ដើម្បីឱ្យតំបន់ទាំង៣នេះ ស្ថិតនៅគង់វង្ស និងជាការចងចាំរហូតដល់កូនចៅខ្មែរជំនាន់ក្រោយ ដោយយល់ដឹងពីរបបប្រល័យពូជសាសន៍ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វះស្វែងរកសន្តិភាព ជូនប្រទេសជាតិមកដល់សព្វថ្ងៃនេះ »។
ចំណែកឯ នៅតាមបណ្តាខេត្តទូទាំងប្រទេសវិញ ក៏មិនខុសប្លែកពីនៅរាជធានីភ្នំពេញប៉ុន្មានឡើយ ក្នុងនោះខេត្តសៀមរាប ក៏បានប្រារព្ធពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក យ៉ាងអធិកអធម ក្រោមវត្តមានថ្នាក់ដឹកនាំខេត្ត ព្រះសង្ឈ មន្ត្រីរាជការ រួមទាំងបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានមកជួបជុំគ្នា តាមទីតាំងសាធារណៈ ក្រសួងស្ថាប័ន វត្តអារាម ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។
លោកស្រី ជៀម សុរាម មន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបបានលើកឡើងថា៖ នេះជាការស្ម័គ្រចិត្តរបស់លោកស្រីផ្ទាល់ មកចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ « ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា» ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីរបស់ពិភពលោក ពីទីតាំងឧក្រិដកម្មមកជាមណ្ឌលផ្សះផ្សារ និងសន្តិភាព កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។ លោកស្រីថា៖ ទាំងនេះជាសមិទ្ធផល ដែលកើតពីកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រែក្លាយពីតំបន់វាលពិឃាដ មកជាទឹកដីសន្តិភាព។
សំឡេងទី៤«ក្នុងនាមជាកូនខ្មែរមួយរូប ពិតជាមានអារម្មណ៍រំភើប និងរីករាយ សប្បាយចិត្ត និងមានមោទនភាពខ្លាំងមែនទែន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានប្រមុខដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា៖ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលលោកបានខិតខំប្រឹងប្រែងរៀបចំ ការចុះបញ្ជីបេតិកភណ្ឌបូជនីយដ្ឋាននៃការចងចាំ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះក៏ជាសមិទ្ធផលដ៏ធំធេងមួយ សម្រាប់ជាការបង្ហាញទៅដល់កូនខ្មែរជំនាន់ក្រោយឱ្យបានដឹងពីសមិទ្ធផលដ៏ល្អឯកនេះផងដែរ »។ ចំណែកកញ្ញា ពៅ លីដា នៃកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យអង្គរខេត្តសៀមរាប បានបង្ហាញការគាំទ្រ និងអារម្មណ៍សប្បាយរីករាយ ដែលយើងទាំងអស់គ្នាអាចរួមរស់ជាមួយគ្នា ប្រកបដោយសន្តិភាព ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។ ជាក់ស្តែង «បូជនីយដ្ឋានចងចាំនៃកម្ពុជា»ដែលជាភស្តតាងយ៉ាងមុតមាំបង្ហាញពីភាពជូរចត់ ទុក្ខវេទនារបស់ប្រជាជន នាសម័យនោះ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីរបស់ពិភពលោក ពីទីតាំងឧក្រិដកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព។ ក្នុងនាមយុវជនជំនាន់ក្រោយ ប្អូនពិតជាចងចាំមិនភ្លេចចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ។
សំឡេងទី៥« ក្នុងនាមជាកូនខ្មែរ ខ្ញុំពិតជាមិនចង់ឱ្យកើតមានសង្រ្គាម សម្លាប់ប្រជាជនខ្មែរម្តងទៀតទេ ហើយខ្ញុំពិតជាសប្បាយចិត្តដែលខ្មែរយើងអាចចុះបញ្ជីបេតិកភណ្ឌពិភពលោកនេះ នៅប្រទេសបារាំងបាន ហើយសម្តេចពិតជាខ្លាំង ដែលបានធ្វើសម្រាប់ខ្មែរយើង។ខ្ញុំពិតជាថ្លែងអំណរគុណ រាជរដ្ឋាភិបាល និងសម្តេចដែលបានធ្វើមួយនេះ ដើម្បីពួកយើងគ្រប់គ្នា ដើម្បីឱ្យពួកយើងអាចរួមរស់បាន ដូចពាក្យស្លោក« រស់នៅក្នុងសន្តិភាព»។
លោកអ្នកនាងជាទីមេត្រី!
ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន៖ អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
សូមជម្រាបថា នេះជាបេតិកភណ្ឌវប្បធម៌រូបីទី៥របស់កម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជីយូណេស្កូ បន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរ (១៩៩២), តំបន់ប្រាសាទព្រះវិហារ (២០០៨), តំបន់ប្រាសាទសំបូរព្រៃគុក (២០១៧) និងតំបន់ប្រាសាទកោះកេរ(២០២៣)ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕