វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ ៧ ២០២៥
អន្តរជាតិ៖ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងសមភាគីហូឡង់ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកដំបូងរវាងប្រទេសទាំងពីរនៅទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីហូឡង់ បានលើកឡើងពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសហូឡង់ កាលពីខែធ្នូ ឆ្នាំ២០២២ និងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte ទៅកាន់ប្រទេសវៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែកលោកស្រីអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបាននិយាយថា វៀតណាមមានការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសហូឡង់ ហើយលោកស្រីក៏អរគុណចំពោះការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនហូឡង់។ លោកស្រីបានសង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលដល់យុគសម័យថ្មីនៃកំណែទម្រង់ឈានមុខគេ ខណៈដែលនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយការបរទេសឯករាជ្យភាពខ្លួនឯង ការធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងអន្តរជាតិ។ លោកស្រីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការរក្សាបរិយាកាសអំណោយផល និងបើកចំហសម្រាប់អ្នកវិនិយោគបរទេស និងជាគោលដៅសុវត្ថិភាព និងមិត្តភាពសម្រាប់ភ្ញៀវទេសចរអន្តរជាតិ៕