វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៤/៧/២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យគោលការណ៍ ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាចាស់ឆ្នាំ២០០៦ ដើម្បីឈានទៅដល់ការអនុវត្តនៅឆ្នាំ២០២៦ ដែលតម្រូវឱ្យចូលហ្វឹកហ្វឺន ពី១៨ខែ(ក្នុងច្បាប់ឆ្នាំ២០០៦) កែប្រែទៅ២៤ខែ ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ផ្អែកទៅលើលទ្ធភាពថវិកាបច្ចុប្បន្ន បូកជាមួយនឹងស្ថានភាពនៃការគ្រប់គ្រង សម្តេចបានឱ្យគោលការណ៍ ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ដោយត្រូវកែដើម្បីយើងឈានទៅដល់ការអនុវត្តឆ្នាំ២០២៦ ។ ក្នុងន័យនេះឆ្នាំ២០២៦តទៅ នឹងត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលនេះគឺការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ខណៈច្បាប់នេះ មានតាំងពីឆ្នាំ២០០៦ និងអនុវត្តនៅ២០២៦ គឺមានរយៈ២០ឆ្នាំគត់ ។
"ខ្ញុំឱ្យកែ ពិនិត្យមើលមួយចំនួនថា វាស្របបច្ចុប្បន្នឥឡូវច្បាប់ចាស់ ឧទាហរណ៍យើងអនុវត្ត១៨ខែ បើសិនជាយើងគិតមើលគ្រាន់តែរើស ហើយមកហ្វឹកហ្វឺនហើយបំពេញ១៨ខែ គឺតិចអស់បាត់ហើយ ចឹងឱ្យគិតគូរមើលដើម្បីកែឱ្យទៅ២៤ខែ ទើបសមស្រប ហើយប្រទេសភាគច្រើន ២៤ខែ ព្រោះគ្រាន់តែយើងហ្វឹកហ្វឺនចល័តចុះចល័តឡើងអស់៥ទៅ៦ខែបាត់ទៅហើយ ទៅបំពេញ១៨ខែទៀត ចឹងគឺនេះនឹងត្រូវអនុវត្តពីឆ្នាំក្រោយ" ។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធានឹងជួយបង្កើនបរិមាណសាច់ទ័ព និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ។
សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ឆ្នាំ២០០៦ ក្នុងជំពូកទី១ មាត្រាទី២ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុពី១៨ ដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់ និងការបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទគ្រប់រូប ត្រូវផ្អែកតាមការស្ម័គ្រចិត្ត ក្នុងនោះបំពេញកាតព្វកិច្ចយោធា មានរយៈពេល១៨ខែ គិតចាប់ពីថ្ងៃចូលបំពេញកាតព្វកិច្ច៕