សម្តេចតេជោ ៖ ថាក់ ស៊ីន ជាអ្នកលួចផ្តល់ព័ត៌មានសម្ងាត់មកសម្តេចអំពីគម្រោងថៃជួយកសាងផ្លូវមួយខ្សែនៅកម្ពុជា

Narith | ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានទម្លាយអាថ៌កំបាំងរបស់ លោក ថាក់ ស៊ីនថា ជាអ្នកលួចផ្តល់ព័ត៌មានសម្ងាត់មកសម្តេចអំពីគម្រោងថៃជួយកសាងផ្លូវមួយខ្សែនៅកម្ពុជាកាលពីអំឡុងឆ្នាំ២០១០ ក្នុងអាណត្តិលោក អាប់ភីស៊ីត វីចារជីវ៉ាជានាយករដ្ឋមន្រ្តីថៃនាពេលនោះ។

ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោបានទម្លាយអាថ៌កំបាំងរបស់លោក ថាក់ ស៊ីនមួយផ្នែកទៀតដែលបានលួចផ្តល់ឯកសារសម្ងាត់មកសម្តេចកាលពីអំឡុងពេលលោក អាប់ភីស៊ីត វីចារជីវ៉ាជានាយករដ្ឋមន្រ្តីថៃនាឆ្នាំ២០១០ ពាក់ព័ន្ធនឹងការផ្តល់ជំនួយជាថវិការបស់ថៃមកកម្ពុជា លើការកសាងផ្លូវជាតិលេខ៦៨នៅកម្ពុជាតាមបណ្តោយព្រំដែន ។ ប៉ុន្តែសម្តេចបានប្រកាសត្រឡប់ទៅវិញថា សម្តេចមិនទទួលយកលុយជាជំនួយក្នុងការកសាងផ្លូវនោះទេ ដោយសារបានទទួលព័ត៌មានថា លោក វិចារជីវ៉ានឹងបង្កក់លុយដើម្បីពន្យារពេលក្នុងការកសាងផ្លូវនេះ ។

សម្តេចប្រធានព្រឹទ្ធសភាគូសបញ្ជាក់ទៀតថា ចំពោះឯកសារសម្ងាត់នេះ គឺសម្តេចទទួលបានពីលោក ថាក់ ស៊ីនលួចបញ្ជូនមកឲ្យសម្តេច។
ជាមួយគ្នានេះ សម្តេចតេជោបានផ្ញើសារផ្តាំទៅលោក ថាក់ ស៊ីនថា កុំព្រហើនកោងកាចដាក់សម្តេចឲ្យសោះ ព្រោះអាថ៌កំបាំងរបស់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ស្ថិតនៅក្នុងកណ្តាប់ដៃរបស់សម្តេចច្រើនណាស់ ។
សំឡេង “ថាក់ ស៊ីនឯងបញ្ជូនឯកសាររបស់អាភីស៊ីត វិចារជីវ៉ា យកមកឲ្យខ្ញុំ ។ ថាក់ ស៊ីនឯងមានបទល្មើសទាក់ទងក្បត់ជាតិថៃខ្លួនឯង ។ ខ្ញុំមានឯកសារ ខ្ញុំអាចនិទាន៣ម៉ោងទៅ៤ម៉ោង ប្រសិនបើចង់ ។ ខ្ញុំគ្រាន់តែចង់ដាស់តឿនថាក់ ស៊ីននៅបាងកកទេ ខ្ញុំមិនទៅដាស់តឿនអ្នកណាគេទេ ប៉ុន្តែថាក់ ស៊ីនកុំឈ្លើយជាមួយខ្ញុំឲ្យសោះ”។

សម្តេចតេជោមានប្រសាសន៍ទៅកាន់ លោក ថាក់ ស៊ីនទៀតថា លោកមានវាសនាចូលស្រុកថៃ និងតំបន់អាស៊ីអាគ្នេយ៍វិញបានដោយសារសម្តេចជាអ្នកជួយជ្រោមជ្រែងទេ ។
សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថា សារក្រើនរំលឹកដល់លោក ថាក់ ស៊ីននេះ នឹងផ្អើលនៅទូទាំងទីក្រុងបាងកកជាក់ជាមិនខានឡើយ ៕

សម្តេចតេជោ ៖ ថាក់ ស៊ីន ជាអ្នកលួចផ្តល់ព័ត៌មានសម្ងាត់មកសម្តេចអំពីគម្រោងថៃជួយកសាងផ្លូវមួយខ្សែនៅកម្ពុជា
សម្តេចតេជោ ៖ ថាក់ ស៊ីន ជាអ្នកលួចផ្តល់ព័ត៌មានសម្ងាត់មកសម្តេចអំពីគម្រោងថៃជួយកសាងផ្លូវមួយខ្សែនៅកម្ពុជា
សម្តេចតេជោ ៖ ថាក់ ស៊ីន ជាអ្នកលួចផ្តល់ព័ត៌មានសម្ងាត់មកសម្តេចអំពីគម្រោងថៃជួយកសាងផ្លូវមួយខ្សែនៅកម្ពុជា