វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ ៧ ២០២៥
អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបាននិយាយថា លោកនឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅឱ្យអ៊ុយក្រែន ព្រោះវាចាំបាច់ក្នុងការការពារប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ត្រាំ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯមូលដ្ឋានទ័ព Andrews ខាងក្រៅទីក្រុងវ៉ាស៊ីនតោនថា "យើងនឹងបញ្ជូនប្រព័ន្ធការពារមីស៉ីល Patriot ដែលពេលនេះអ៊ុយក្រែនកំពុងត្រូវការខ្លាំង។ លោក ពូទីន តែងតែនិយាយល្អ ប៉ុន្តែគាត់មិនគោរពសម្តី។ ខ្ញុំមិនចូលចិត្តនោះទេ"។ លោកបន្ថែមថា យើងនឹងបញ្ជូនឱ្យពួកគេ នូវសម្ភារៈយោធាទំនើបៗជាច្រើន។ ពួកគេនឹងបង់ប្រាក់មកឱ្យយើង ហើយនោះហើយជាអ្វីដែលយើងចង់បាន"។ គួរបញ្ជាក់ថា លោក ត្រាំ មិនបានបញ្ជាក់អំពីចំនួនប្រព័ន្ធការពារមីស៊ីល Patriots ដែលគ្រោងបញ្ជូនទៅអ៊ុយក្រែននោះទេ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាម៉េរិក នឹងទទួលបានសំណងវិញ សម្រាប់ការចំណាយរបស់ខ្លួនលើសហភាពអឺរ៉ុប (EU)៕