កិច្ចប្រជុំAMS ជាការប្រមូលនូវអ្នកដែលមានបទពិសោធខាងផ្សព្វផ្សាយ ខាងសារព័ត៌មាន ចែករំលែកនូវមេរៀនបទពិសោធដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ

Narith | ថ្ងៃទី 14 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៤ ៧ ២០២៥

ភ្នំពេញ ៖ ឯកឧត្ដម អ៊ិន ឆាយ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកអនុគណៈកម្មការខ្លឹមសារ និងឯកសារនៃគណៈកម្មការរៀបចំសន្និសីទកំពូល AMS លើកទី២០ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ (AMS) ជាការប្រមូលនូវអ្នកដែលមានបទពិសោធខាងផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍និងអ្នកប្រកបវិជ្ជាជីវៈខាងសារព័ត៌មាន ចែករំលែកនូវមេរៀនបទពិសោធ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងតំបន់និងសកលលោក។

ថ្លែងក្នុងកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» ក្រោមប្រធានបទស្ដីពី៖ «យល់ដឹងពីខ្លឹមសារនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងដំណើរការចុះឈ្មោះអ្នកសារព័ត៌មាន» នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ិន ឆាយ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីជាការលើកកម្ពស់តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព និងប្រជាធិបតេយ្យ។ កិច្ចប្រជុំនេះនឹងពិភាក្សាអំពីទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការធានានូវចីរភាពសង្គម និងការដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ។ បន្ថែមពីនោះទៀត ក៏ជំរុញការបម្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាជឿនលឿន: AMS នឹងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ និងការបង្កើតខ្លឹមសារឌីជីថល ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ ដោយគូសបញ្ជាក់ពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយអាចប្រើប្រាស់ការរីកចម្រើនទាំងនេះ។
ឯកឧត្តម បានបន្តថា កិច្ចប្រជុំក៏ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ: កម្ពុជាប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហាប្រឈមទូទៅនៅក្នុងតំបន់។ បន្ថែមពីនោះទៀត ក៏លើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍរបស់កម្ពុជា: កិច្ចប្រជុំនេះនឹងក្លាយជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងការរីកចម្រើនរបស់កម្ពុជា ដោយបង្ហាញពីសន្តិភាពនិងវឌ្ឍនភាពរបស់ប្រទេស។
ឯកឧត្តម បានបន្តទៀតថា កិច្ចប្រជុំនេះក៏ផ្លាស់ប្ដូរបទពិសោធ និងគំនិតថ្មីៗ  អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយមកពីជុំវិញពិភពលោកនឹងជួបជុំគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធ គំនិត និងអនុសាសន៍ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ បន្ថែមពីនោះទៀតក៏ជាការអភិវឌ្ឍបទដ្ឋានសារព័ត៌មានដែលអាចទុកចិត្តបានក្នុងយុគសម័យ AI នឹងមានការពិភាក្សាអំពីបញ្ហាប្រឈមនៃការផ្សាយ mainstream និងក្រមសីលធម៌នៃ AI ក្នុងការបង្កើតព័ត៌មាន ដោយមានគោលបំណងកំណត់បទដ្ឋានសម្រាប់សារព័ត៌មានដែលអាចទុកចិត្តបាន ដែលឆ្លើយតបនឹងការរំពឹងទុករបស់សង្គមឌីជីថល។
 « សន្និសីទ្ធកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី  ដែលហៅកាត់AMS គោលបំណងគឺជាការជួបជុំមួយដែលវិទ្យាស្ថាននៃការអភិវឌ្ឍវិស័យអាស៊ីប៉ាស៊ីហ្វិក ដែលគាត់រៀបចំនូវកិច្ចប្រជុំហ្នឹង គោលបំណងដើម្បីប្រមូលនូវនាយកដែលមានបទពិសោធខាងផ្នែកស្ថាប័នផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍ ប្រមូលអ្នកដែលប្រកបវិជ្ជាជីវៈខាងសារព័ត៌មាន ប្រមូលនូវអ្នកជំនាញការ អ្នកពិគ្រោះយោបល់ មកពីអាស៊ី អឺរ៉ុប អាហ្រ្វិក មកជួបជុំគ្នា ដើម្បីធ្វើជាវេទិការមួយដែលក្នុងនោះមានការពិភាក្សាចែករំលែកនូវមេរៀន បទពិសោធអ្វីៗដែលពួកគាត់បានយល់ឃើញអំពីគុណសម្បត្តិ គុណវិបត្តិនៃបច្ចេកវិទ្យាដែលផ្តល់ឱ្យវិស័យព័ត៌មាននិងសោតទស្សន៍»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ លើទឹកដីនៃខេត្តសៀមរាប។ បណ្ដាប្រព័ន្ធផ្សព្វផ្សាយ វាគ្មិនសំខាន់ៗ និងដៃគូសហការប្រមាណ ៧០០នាក់ មកពីប្រមាណ ៥០ប្រទេស នៅទូទាំងពិភពលោក គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕

កិច្ចប្រជុំAMS ជាការប្រមូលនូវអ្នកដែលមានបទពិសោធខាងផ្សព្វផ្សាយ ខាងសារព័ត៌មាន ចែករំលែកនូវមេរៀនបទពិសោធដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ
កិច្ចប្រជុំAMS ជាការប្រមូលនូវអ្នកដែលមានបទពិសោធខាងផ្សព្វផ្សាយ ខាងសារព័ត៌មាន ចែករំលែកនូវមេរៀនបទពិសោធដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ
កិច្ចប្រជុំAMS ជាការប្រមូលនូវអ្នកដែលមានបទពិសោធខាងផ្សព្វផ្សាយ ខាងសារព័ត៌មាន ចែករំលែកនូវមេរៀនបទពិសោធដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ