វិទ្យុជាតិកម្ពុជា/ ព្រះវិហារ
អគារសិក្សា១ខ្នង២បន្ទប់ ដែលបានជួសជុល និងសាងសង់ឡើងវិញរួចរាល់ បន្ទាប់ពីអគារនេះមានសភាពទ្រុឌទ្រោម ស្ថិតក្នុងភូមិកំពង់ព្រះឥន្ទ្រ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
នៅក្នុងឱកាសនោះលោកជំទាវ សុខា គងពិសី បានសម្តែងនូវក្តីរំភើបយ៉ាងខ្លាំងដែលបានមកជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សទាំងអស់នាពេលនេះ ព្រមទាំងបាននាំយកនូវអំណោយជាច្រើនរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់មាតាបិតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅក្នុងពិធីនេះផងដែរ។ លោកជំទាវសង្ឃឹមថា អគារសិក្សាថ្មីនេះនឹងក្លាយជាទីកន្លែងដ៏មានសុវត្ថិភាព ផាសុខភាព និងអំណោយផលល្អសម្រាប់ក្មួយៗខិតខំរៀនសូត្រឱ្យពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។
ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណចំពោះសមាគមនារីកម្ពុជាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការគៀងគរ និងផ្ដល់ថវិកាសម្រាប់ជួសជុលអគារសិក្សាមួយខ្នងនេះឡើងវិញ រហូតបានលេចជារូបរាងយ៉ាងស្រស់ស្អាត និងរឹងមាំដូចពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនេះ គឺកើតចេញពីកិច្ចសហការ និងសាមគ្គីភាពដ៏រឹងមាំរវាងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋាន។ ឯកឧត្តមបានផ្តាំផ្ញើទៅដល់លោកគ្រូ អ្នកគ្រូទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សឱ្យកាន់តែពូកែ ជាពិសេស ភាសាខ្មែរ ដែលជាភាសាជាតិរបស់យើង។ សូមបញ្ជាក់ថា អគារសិក្សាថ្មីនេះ ត្រូវបានចំណាយថវិកាអស់ជិត១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាការឧបត្ថម្ភគាំដោយសប្បុរសធម៌ពីក្រុមការងារសមាគមនារីកម្ពុជាខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរមូលដ្ឋាន រួមទាំងការចូលរួមចំណែកពីសហគមន៍មូលដ្ឋានផងដែរ៕