វិទ្យុជាតិ/ពត៌មានសៀមរាប(១៥ ០៧ ២៥)
ក្រុមយុវជនកម្ពុជា និងយុវជនមកពីតៃចិនវ៉ាន់ នឹងចំណាយពេល១០ថ្ងៃ រួមគ្នាធ្វើការងារស្ម័គ្រចិត្ត ដោយផ្ដោតទៅលើការងារសង្គម ដូចជា ការបង្រៀនភាសាអង់គ្លេស ការធ្វើសម្ភារះប្រើប្រាស់ដាក់ក្នុងសាលាបឋមសិក្សាគោកចក ក្រុងសៀមរាប និងការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌គ្នាទៅវិញទៅមក តាមរយះអង្គការសកម្មភាពយុវជន (CYA) ។ ខណៈនោះ យុវជនមកពីចិនតៃវ៉ាន់និយាយថា កម្ពុជាពិតជាមានសុវត្ថិភាព គួរឱ្យចង់រស់នៅ ផ្ទុយពីការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួននៅលើបណ្ដាញសង្គម។
តំណាងក្រុមយុវជនចិនតៃវ៉ាន់ បានអះអាងថា ដំបូងឡើយអាណាព្យាបាលរបស់ពួកគាត់មិនអនុញ្ញាតឱ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជានោះទេ ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព។ ប៉ុន្តែពេលបានមកដល់កម្ពុជា ពិតជាបានផ្លាស់ប្តូរគំនិតពួកគាត់ទាំងស្រុង ព្រោះកម្ពុជាពិតជាមានសុវត្ថិភាព ប្រជាជនរួសរាយរាក់ទាក់ ស្មោះត្រង់ និងមានវប្បធម៌ដ៏សម្បូរបែប ដែលអាចឱ្យពួកគាត់ បានស្វែងយល់ រៀនសូត្រ ក៏ដូចជាចែករំលែកបទពិសោធន៍ពីគ្នា ទៅវិញទៅមកជាមួយយុវជនកម្ពុជា។ ដោយឡែកតំណាងយុវជនកម្ពុជា បានលើកឡើងថា តាមរយៈអង្គការសកម្មភាពយុវជនកម្ពុជា បានធ្វើអោយយុវជនយើងមួយចំនួន ទទួលបានបទពិសោធន៍ជាច្រើន ក្រៅពីការសិក្សានៅក្នុងថ្នាក់ ពួកគេអាចបង្កើតទំនាក់ទំនងល្អក្នុងសង្គម បង្កើនការជឿជាក់លើខ្លួនឯង បណ្ដុះស្មារតីក្រុម ហើយចំណុចទាំងអស់នេះ ជាកត្តាចាំបាច់សម្រាប់ពួកគេ យកទៅប្រើប្រាស់ក្រោយពេលបញ្ចប់ការសិក្សា មានការងារល្អ និងអាចនាំឱ្យពួកគេទទួលបានឱកាសទៅសិក្សាក្នុងប្រទេសថែមទៀតផង។
សូមបញ្ជាក់ថា អង្គការសកម្មភាពយុវជនកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ២០១០ មានគោលដៅជំរុញ លើកទឹកចិត្ត ផ្តល់ឱកាសដល់យុវជនកម្ពុជា និងយុវជនមកពីជុំវិញពិភពលោក បានចូលរួមការងារសង្គម តាមរយៈវិស័យអប់រំ បរិស្ថាន វប្បធម៌ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ មានយុវជនប្រមាណ ៣៦០០នាក់ មកពីប្រទេសផ្សេងគ្នានៅលើពិភពលោក បានចូលរួមស្ម័គ្រចិត្តនៅកម្ពុជា និងបានជួយប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥៤ ០០០នាក់ តាមរយៈគម្រោងនីមួយៗ៕