វិទ្យុជាតិកម្ពុជា ឈួន សំអាត 15-7-2025
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានប្រគល់ រថយន្តសង្គ្រោះបន្ទាន់ ១ គ្រឿងជាអំណោយដ៏ថ្លៃថ្លាលើកទី៦៣ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា ព្រមទាំងអ្នកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ជូនមណ្ឌលអប់រំកែប្រែទី៤ (ម៤) ។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ដែលមានការយល់ដឹងអំពីសិទ្ធិមនុស្ស និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយ ក៏ដូចជាការលើកកម្ពស់ និងការការពារសិទ្ធិជនជាប់ឃុំ រួមមានសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសេវាថែទាំសុខភាព សេរីភាពខាងជំនឿសាសនា ក៏ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិត ដែលអាចធ្វើឱ្យជនជាប់ឃុំ អាចធ្វើសមាហរណកម្មចូលសង្គមវិញ ក្រោយអនុវត្តទោសរួចរាល់។
សូមជម្រាបថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលរថយន្តសង្គ្រោះបន្ទាន់នេះ ចំនួនពីរគ្រឿងមកហើយគឺ ១គ្រឿងបានប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងមក ហើយសម្រាប់រថយន្ត១គ្រឿងនេះ ប្រគល់ជូនមណ្ឌលអប់រំកែប្រែទី៤(ម៤) នៅខេត្តពោធិ៍សាត់ ដោយសារមណ្ឌលនេះ ស្ថិតនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន និងពិបាកក្នុងការដឹកជញ្ជូនជនជាប់ឃុំទៅព្យាបាល និងដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងមណ្ឌល៕