វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ១៥ ០៧ ២៥
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ បានចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងការគ្រប់គ្រងគាំពារសង្គមនៅកម្ពុជាដល់គណៈប្រតិភូនៃប្រទេសឡាវ ដើម្បីយកទៅអនុវត្តតាមស្ថានភាពជាក់ស្ដែងទាក់ទង ការគ្រប់គ្រងអភិបាលកិច្ច និងការអនុវត្តរបបសន្ដិសុខសង្គមនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ ឯកឧត្តម Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម ដើម្បីពិភាក្សាការងារ និងចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងគាំពារសង្គម នៅទីស្ដីការក្រសួង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការគ្រប់គ្រងគាំពារសង្គមកម្ពុជា វិសាលភាពគោលនយោបាយសន្ដិសុខសង្គម និងសុខុមាលភាពសង្គមនៅព្រះរាជាណាចក្រកម្ពុជាទៅដល់គណៈប្រតិភូឡាវដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្រសួងយើងទាំងពីរ ទាំងនៅប្រទេសកម្ពុជា និងប្រទេសឡាវ គឺមានវិសាលភាពគ្របដណ្ដប់ទៅលើវិស័យសន្ដិសុខសង្គមដូចគ្នា។ ដូច្នេះគឺជារឿងមួយមានសារប្រយោជន៍ ដែលយើងបានជួបគ្នា និងអាចផ្លាស់ប្ដូរបទពិសោធ ក៏ដូចជាចែករំលែកទស្សនវិស័យពាក់ព័ន្ធ របបសន្ដិសុខសង្គម ហើយការអនុវត្តរបបសន្ដិសុខសង្គមនៅឡាវ និងកម្ពុជា ក៏មានស្ថានភាព លក្ខណៈប្រហាក់ប្រហែលគ្នាដែរ»។
ជាការឆ្លើយតប ឯកឧត្តម Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណ ឯកឧត្តមហេង សួរ ដែលបានចំណាយពេលវេលាចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងរបបសន្ដិសុខសង្គមដល់គណៈប្រតិភូឡាវ។
ឯកឧត្តម Phongsaysack បានបន្ថែមថា តាមរយៈជំនួបនេះឯកឧត្តមនឹងដកស្រង់បទពិសោធដែលឯកឧត្តម រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
កម្ពុជា បានផ្តល់ជូនទៅអនុវត្តតាមស្ថានភាពជាក់ស្ដែងទាក់ទង ការគ្រប់គ្រងអភិបាលកិច្ច និងការអនុវត្តរបបសន្ដិសុខសង្គមនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន៕