វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៥/៧/២០២៥)
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ការរីកចម្រើនជាបន្តបន្ទាប់ នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ គឺកើតចេញមកពីមរតកដ៏មានតម្លៃ មហិមាមិនអាចកាត់ថ្លៃបាន នៃសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ, សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកសាងសមត្ថភាព របស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃការសិក្សាពីមុន លើអ្នកជំនាញទេសចរណ៍អាស៊ាន» ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃការសិក្សាពីមុន លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN RPL Guidelines) នៅថ្ងៃនេះ ពិតជាឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារ នៃឧស្សាហកម្មទេសចរណ៍ នាពេលបច្ចុប្បន្ន។
បន្ថែមពីនេះទៀត ឯកឧត្តមបញ្ជាក់ថា
ព្រឹត្តិការណ៍នេះពិតជាឆ្លើយតបបានទៅនឹងលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅប្រទេសម៉ាឡេស៊ី ដែលបានគូសរំលេចអំពីសារៈសំខាន់ នៃការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដោយបានជំរុញប្រទេសសមាជិកអាស៊ាន ឱ្យពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក រវាងអ្នកជំនាញទេសចរណ៍ឤស៊ាន (MRA-TP) តាមរយៈការបណ្តុះបណ្តាលសមត្ថភាព អ្នកជំនាញទេសចរណ៍, គ្រូបង្គោលជាតិនិងអាស៊ាន, អ្នកវាយតម្លៃបង្គោលជាតិ និងអាស៊ាន ស្របពេលនឹងការដាក់ឱ្យមានប្រតិបត្តិការពេញលេញ របស់លេខាធិការដ្ឋានថ្នាក់តំបន់ (Regional secretariat) ដើម្បីអនុវត្ត MRA-TP, ដោយអនុលោម តាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ (ASEAN Tourism Strategic Plan), ការរៀបចំផែនការវិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣០ (ASEAN tourism sectoral plan), និងផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ (Post-COVID-19 Recovery Plan for ASEAN Tourism)។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បញ្ជាក់បន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់ នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ គឺកើតចេញមកពីមរតកដ៏មានតម្លៃ មហិមាមិនអាចកាត់ថ្លៃបាន នៃសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ, សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម ដែលបានកើតឡើងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសក៍ឯក និងប្រតិបត្តិករឆ្នើម នៃគោលនយោបាយឈ្នះ-ឈ្នះ គឺជាការស្ថាបនាគ្រឹះដ៏រឹងមាំ គួបផ្សំនឹងការថែបំប៉ន បង្កើត និងបង្កើនសមិទ្ធផលជាច្រើនទៀត ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្ម ប្រកបដោយជវភាពរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្ពុជា បាននិងកំពុងបន្តថែរក្សា ពូនជ្រុំសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើមាគ៌ាដ៏ត្រឹមត្រូវ និងប្រាកដនិយម ឆ្ពោះទៅសម្រេចឱ្យបានគោលដៅ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។
សូមបញ្ជាក់ថាសមិទ្ធផលសំខាន់ៗ របស់គណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ ដូចជា៖ បានទទួលស្គាល់សាលាបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យដៃគូ ដែលបានអនុវត្ត គាំទ្រតាមកម្មវិធីសិក្សាអាស៊ាន ចំនួន ១៨ រាជធានី និងខេត្តគោលដៅ ដោយសាលាបានបណ្តុះបណ្តាលសិស្ស សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រមាណ ៨,៩៨៩នាក់ គិតត្រឹមឆ្នាំ២០២៤ អ្នកជំនាញទេសចរណ៍ ដែលបានឆ្លងកាត់ការវាយតម្លៃ លើការសិក្សាពីមុន (Recognition of Prior Leaming RPL) ស្របតាមស្តង់ដាអាស៊ានប្រមាណ ២,២០០នាក់។ ក្នុងនោះកម្ពុជា មានគ្រូបង្គោលអាស៊ាន ចំនួន ៣០នាក់ នៃសេវាកម្មសណ្ឋាគារ លើផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងសេវាកម្មធ្វើដំណើរ លើផ្នែកការីទេសចរណ៍ និងផ្នែកទីភ្នាក់ងារទេសចរណ៍ ព្រមទាំងមានគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ចំនួន ៧៧៣នាក់ នៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ៕