វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកោះកុង
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ឋ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានចាំទទួលស្វាគមន៍ពលករខ្មែរចំនួន១៦នាក់ដែលចាត់បញ្ជូនមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ។
លោកជំទាវអភិបាលខេត្ត បានបន្តថា ក្រុមពលករខ្មែរត្រូវបានអាជ្ញាធរសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ថាចូលទឹកដីថៃបម្រើការងារនេសាទនៅខេត្តត្រាត។
លោកជំទាវ មិថុនា ភូថង ស្នើឲ្យក្រុមពលករ ឈប់បន្តទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃបន្តទៀត ពោលគឺងាកមកចូលរួមសិក្សាជំនាញបច្ចេកទេស និងរកការងារធ្វើនៅក្នុងស្រុកកំណើតវិញ ព្រោះមានសុវត្ថិភាព និងមានភាពកក់ក្តៅក្បែរក្រុមគ្រួសារ។ បច្ចុប្បន្នខេត្តកោះកុង កំពុងត្រូវការកម្លាំងពលកម្មជាង៧ពាន់កន្លែង ខណ:មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២កន្លែង ចាំទទួលពាក្យចូលបម្រើការងារ។
តំណាងក្រុមពលករខ្មែរដែលថៃបញ្ជូនមក អះអាងថា ពួកគាត់ទៅថៃកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ហើយចុះទូកនេសាទសមុទ្រជាមួយក្រុមបងប្អូនមិត្តភក្តិដែលរួមដំណើរពីខេត្តកោះកុងទៅ។ លុះពេលកំពុងនេសាទ ក៏ត្រូវអាជ្ញាធរថៃចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមហេតុផលនេសាទនៅចំណុចខៅស្នីង តំបន់អភិរក្សរបស់ថៃ។
ពលករខ្មែរដែលជាខ្មែរឥស្លាមដែលមានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត អ្នកឧកញ៉ា លី យ៉ុង និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ឋដែលយកចិត្តដាក់ទុកជួយសម្របសម្រួល ដើម្បីឲ្យពួកគេបានវិលមកស្រុកកំណើតជួបជុំក្រុមគ្រួសារ ហើយសន្យាថានឹងឈប់ទៅធ្វើការនៅថៃទៀត បើទោះជាការងារនេសាទនៅទីនោះរកបានច្រើនគួរសមជាងនៅស្រុកកំណើតយ៉ាងណាក្តី៕