វិទ្យុជាតិ/ខេត្តសៀមរាប/អត្ថបទនិងរូបភាព(លោក អោត រត់)
ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដែក ស្រុកប្រាសាទបាគង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារ បានជំរុញអោយអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាបន្តយកចិត្តទុកដាក់ ចំពោះការដោះស្រាយក្ដីកង្វល់ និងបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍ និងសេវាសាធារណៈផ្សេងៗ ។ លោក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារទាំងអស់ រួមនឹងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកអនុវត្តការងារបានល្អប្រសើរ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋបានឆាប់រហ័ស និងទាន់ពេលវេលា។ ក្នុងនោះ ក៏សូមឱ្យក្រុមការងារ និងអាជ្ញាធរទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ជំរុញការចូលរួមសហការផ្ដល់ការប្រឹក្សាយោបល់ ជាមួយបងប្អូនពលករដែលមកពីប្រទេសថៃ ឱ្យទៅចាប់យកជំនាញ បច្ចេកទេស ក៏ដូចជាឱកាសការងារផ្សេងៗ ដើម្បីទទួលបាននូវការងារដែលសមរម្យ កាត់បន្ថយការងារចំណាកស្រុកបន្តទៀត។
លោក ឈឿន វិចិត្រ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដែក បានបង្ហាញថា កន្លងមកក្រុមការងារបានអនុវត្តផែនការសកម្មភាពយ៉ាងសកម្ម លើការដោះស្រាយនូវបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសអនុវត្តន៍តាមសំណូមពររបស់ប្រជាពលរដ្ឋបានជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ក្រុមការងារ នឹងបន្តការខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍល្អប្រសើរ ស្របតាមតម្រូវការប្រជាពលរដ្ឋ៕
អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ