វិទ្យុជាតិ/សៀមរាប / អត្ថបទនិងរូបភាពដោយ លោក ទ្រា ពន្លឺ
ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ អប់រំ និងផ្លាស់ប្តូរឥរិយាបថ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលរៀបចំឡើងដោយ អង្គការហ្រ្គេត (Gret) នាថ្ងៃទី១៥ ខែកក្កដានេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះបន្ថែមទៀត។
លោក មានប្រសាសន៍ថា គោលដៅយើងតែមួយ គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ ដូច្នេះការងារដែលគាំទ្រឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ នឹងជួយឱ្យពួកគាត់មានសុខភាពល្អ មានជីវភាពកាន់តែប្រសើរ ដូច្នេះហើយបំណងរួមគ្នា គឺចង់ឃើញប្រជាពលរដ្ឋគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ និងបរិយាបន្ន។ ជាមួយគ្នានេះ កំណើនវិនិយោគទុន លើវិស័យនេះ គឺជាការចាំបាច់សម្រាប់កម្ពុជា ក្នុងការសម្រេចឱ្យបានជោគជ័យនៅតំបន់ដាច់ស្រយាល។
លោកអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាព និងកៀរគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានា ក្នុងការលើកកម្ពស់សុខភាព ហើយអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានាឱ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាន យកចិត្តទុកដាក់សាងសង់សម្ភារទឹកស្អាត អប់រំសិស្សឱ្យយល់ពីផលវិបាកនៃការខ្វះអនាម័យ អប់រំ និងផ្សព្វផ្សាយនូវចំណេះដឹងពីការលើកកម្ពស់សុខភាព និងអនាម័យនៅជនបទឱ្យបានទូលំទូលាយ និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។
លោក ពួ ម៉ានិត អគ្គនាយករងប្រព័ន្ធចម្រោះទឹក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីកែលម្អការគ្រប់គ្រង និងសេវាទឹកកខ្វក់នៅតំបន់ទីប្រជុំជនក្នុងប្រទេសកម្ពុជា ជាពិសេសការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ក្រោមជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD–EU។ គម្រោងនេះមានគោលបំណងលើកកម្ពស់អនាម័យទីក្រុង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងនានារបស់កម្ពុជា។ លោកបន្តថា បច្ចុប្បន្នអង្គការហ្រ្គេត ក៏កំពុងធ្វើការជាដៃគូក្នុងការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាពអនាម័យ ដែលរួមបញ្ចូលនូវផ្នែកទី៣ គឺការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹង។ ក្នុងនោះ អង្គការហ្រ្គេត បានបញ្ចប់ការសិក្សាស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង ហើយកំពុងរៀបចំផែនការយុទ្ធសាស្ត្រទំនាក់ទំនងដ៏ទូលំទូលាយមួយដែលផ្តោតលើសសរស្តម្ភធំៗចំនួន៣ គឺការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថសង្គម ការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថ និងការផ្សព្វផ្សាយទីផ្សារ៕