ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ប្រាប់ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថា ទំនាក់ទំនងដ៏ល្អប្រសើរ នៅគ្រប់កម្រិតកម្ពុជានិងចិន គឺមិនអាចកាត់ផ្តាច់ចេញបានឡើយ ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត រវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជា ដោយមានយុវជនជាស្នូល ។
ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងពេលដែលសម្តេច អនុញ្ញាតឯកឧត្តម ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។
នៅក្នុងជំនួបនេះ ឯកឧត្តម ឈិន ចូវ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំង ពីការវិវត្តកាន់តែល្អប្រសើរ នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឈិន ចូវ (Chen Zhou) បានបន្ថែមទៀតថា នៅក្នុងបរិការណ៍ដែលពិភពលោក នៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះ តម្រូវឱ្យប្រទេសទាំងពីរ បន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្សនិងគណបក្ស និងការបន្តបណ្ដុះបណ្ដាល យុវជនជំនាន់ក្រោយ ដែលជាយុវជនបន្ដវេន របស់ប្រទេសទាំងពីរ ឱ្យកាន់តែមានសមត្ថភាពរឹងមាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ច ដឹកនាំប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងសោមនស្សរីករាយដែលបានជួប ឯកឧត្តម ឈិន ចូវ អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងពេលដែលឯកឧត្តម និងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ដោយសម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួម នៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។
បន្ថែមលើនេះ សម្តេចធិបតី បានលើកទឹកចិត្តដល់យុវជន នៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមចំណែកដល់ការបន្តពូនជ្រំ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ៕