វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៧ ២០២៥
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសបារាំងបាននិយាយថា សន្និសីទអង្គការសហប្រជាជាតិមួយដែលត្រូវបានលើកពេល នឹងពិភាក្សាពីផែនការតំបន់ហ្គាហ្សាក្រោយសង្គ្រាម និងត្រៀមលក្ខណៈសម្រាប់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេសបារាំង និងប្រទេសដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកបានបញ្ជាក់ថា "គោលបំណងនេះគឺដើម្បីរៀបចំគម្រោងសម្រាប់ហ្គាហ្សាក្រោយសង្គ្រាម និងត្រៀមខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន"។ គួរបញ្ជាក់ថា សន្និសីទនេះដែលរួមគ្នាដឹកនាំដោយបារាំង និងអារ៉ាប៊ីសាអូឌីត ត្រូវបានលើកពេលពីខែមិថុនា ដោយសារសម្ពាធពីអាមេរិក និងសង្គ្រាមផ្លូវអាកាសរវាងអ៊ីស្រាអែល-អ៊ីរ៉ង់ ហើយត្រូវបានកំណត់ពេលឡើងវិញនៅថ្ងៃទី២៨និងថ្ងៃទី២៩ ខែកក្កដានេះ ប៉ុន្តែទោះជាយ៉ាងណាលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងដែលធ្លាប់បានបង្ហើបថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ឥឡូវនេះត្រូវបានគេជឿថានឹងមិនចូលរួមនោះទេ។ លោក ម៉ាក្រុង ក៏កំពុងប្រឈមនឹងការប្រឆាំងពីសម្ព័ន្ធមិត្តដូចជាអង់គ្លេស និងកាណាដាផងដែរ ចំពោះបញ្ហានេះ៕