ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សន្យាជួយលើកកម្ពស់ជំនាញយុវជន ឱ្យកាន់តែសកម្មនិងមានគុណភាព

Narith | ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ១៦ ០៧ ២៥
ថ្លែងក្នុងពិធីបិទវគ្គជំនាន់ទី៣ និងបើកវគ្គជំនាន់ទី៤ នៃវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រនិងទូរស័ព្ទដៃ និងបង្រៀនភាសាអង់គ្លេស ភាសាចិន ដល់យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានសន្យាជួយលើកកម្ពស់ជំនាញយុវជន ឱ្យកាន់តែសកម្មនិងមានគុណភាពតាមរយៈជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ទាំងគ្រូបង្គោល និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងបង្រៀនជំនាញដល់សិស្សគ្រប់ជំនាន់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសិស្សទទួលបាននូវចំណេះដឹង និងជំនាញមួយដ៏ត្រឹមត្រូវ ចាំបាច់សម្រាប់ធ្វើឱ្យជីវិតប្រសើរឡើង ក្នុងទីផ្សារការងារ ដែលពោរពេញដោយការប្រកួតប្រជែង នាពេលបច្ចុប្បន្ន។ 
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានសន្យារួមគ្នាជាមួយរដ្ឋបាលខេត្ត និងក្រុមការងារអភិវឌ្ឍយុវជនខេត្ត ក្នុងការការពារ និងអភិវឌ្ឍន៍បន្ថែមនូវរាល់សមិទ្ធផលដែលថ្នាក់ដឹកនាំ និងយុវជនជំនាន់មុនបានបន្សល់ទុក។ ឯកឧត្តម ក៏បានផ្តល់អនុសាន៍ឱ្យយុវជនកសាងខ្លួនក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងបន្តថែរក្សាអប់រំ បំពាក់បំប៉នពន្លកទំពាំងថ្មី ដែលជាក្តីសង្ឃឹម នាពេលអនាគតរបស់ប្រទេសជាតិ ឱ្យទទួលបានការអប់រំល្អ មានសីលធម៌ល្អ និងមានវិន័យ ដែលអាចបន្តវេនពីដើមឫស្សី ប្រកបដោយគុណធម៌ សីលធម៌ មានជំនាញ មានចំណេះដឹង ពោរពេញសក្តានុពលសម្រាប់បច្ចុប្បន្ន និងពេលអនាគត ជូនប្រទេសជាតិ និងប្រជាជន។ 
ឯកឧត្តមអភិសន្តិបណ្ឌិតបានបង្ហាញមោទនភាពចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលជំនាន់ទី៣ ដែលមានយុវជនបានចូលរួមទទួលការបណ្តុះបណ្តាល និងប្រឡងបញ្ចប់ដោយជោគជ័យ សរុបចំនួន ៨៣៤រូប ដែលនេះជាសមិទ្ធផលក្នុងការរួមចំណែក កសាងធនធានមនុស្សប្រកបដោយសក្តានុពល ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឱ្យអាទិភាពទៅលើមុំទាំង ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ 
ដោយសារភាពជោគជ័យនៃវគ្គជំនាន់ទី៣ និងមានកើនឡើងពីសំណាក់យុវជន ព្រះសង្ឃ មន្ត្រីរាជការ និងកងកម្លាំង ដែលជំនាន់ទី៤នេះ មានសិស្សចូលរួមរហូតទៅដល់ ៦២៨នាក់ ។ប្រមុខក្រសួងមហាផ្ទៃ បានគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមក្នុងការគិតគូរអំពីថ្នាលបន្តវេន សម្រាប់យុវជនខេត្ត ចាប់ពីពេលនេះរហូតទៅអនាគត ដោយបានបង្កបរិយាកាសដល់ក្មួយៗជាសិស្សនៅបឋមសិក្សា ត្រឹមថ្នាក់ទី៥ និងថ្នាក់ទី៦ ដើម្បីបណ្តុះមូលដ្ឋានគ្រឹះ និងឈានទៅពង្រីកចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័របន្ថែមទៀត។ 
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រនឹងទូរស័ព្ទដៃ និងបង្រៀនភាសាអង់គ្លេស ភាសាចិន ដល់យុវជនខេត្តព្រៃវែង បានរៀបចំជោគជ័យ២ជំនាន់រួចមកហើយ។ វគ្គបណ្តុះបណ្តាលបន្តជំនាន់ទី៤បន្តទៀតនេះ មានការចូលរួមពីយុវជន និងសិស្សសរុបចំនួន ចំនួន៦២៨នាក់ មាន១១ថ្នាក់សិក្សា ស្មើនឹង១៦ម៉ោង ក្នុងមួយថ្ងៃ សម្រាប់ម៉ោងសិក្សាពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងមាន៤ថ្នាក់សិក្សា ស្មើនឹង៨ម៉ោង ក្នុងមួយថ្ងៃ សម្រាប់ម៉ោងសិក្សាពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ និងមានរយៈពេលបណ្តុះបណ្តាល៣ខែ៕