បទយកការណ៍៖ ប្រជាពលរដ្ឋខេត្តសៀមរាបគាំទ្រ ចំពោះការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ក្នុងខេត្ដសៀមរាប ព្រោះគឺជាឱកាសផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវប្បធម៌

Chuon Bona | ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

ដូចលោកអ្នកនាងបានជ្រាបហើយថា៖ ប្រទេសកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ "អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ" ដែលមានគណៈប្រតិភូ និងអ្នកសារព័ត៌មានមកពីប្រទេសជាសមាជិកចំនួន៥០ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិ ដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ទាំងនេះជាឱកាសដ៏ល្អមួយរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍វប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោក។ បន្ថែមពីនេះ កិច្ចប្រជុំប្រចាំឆ្នាំនេះ ក៏ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើវិស័យព័ត៌មាន ការផ្ទេរចំណេះដឹង ទៅដល់អ្នកជំនាន់ក្រោយផងដែរ។

តទៅនេះសូមលោកអ្នកនាងតាមដានស្ដាប់ និងទស្សនា បទយកការណ៍របស់វិទ្យុជាតិកម្ពុជា ស្តីពី៖ ប្រជាពលរដ្ឋខេត្តសៀមរាបសម្ដែងការសប្បាយរីករាយនិងគាំទ្រចំពោះការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ក្នុងខេត្ដសៀមរាប  ព្រោះគឺជាឱកាសផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍វប្បធម៌ ដូចតទៅ!

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

សន្និសីទកំពូលសារព័ត៌មានអាស៊ី ហៅកាត់ថា AMS គឺជាការជួបជុំគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញៗនៃប្រព័ន្ធផ្សព្វផ្សាយសាធារណៈរួមមាន៖ វិទ្យុ ទូរទស្សន៍ កាសែត អ្នកផលិតសំភារៈប្រព័ន្ធព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ មកដល់ឆ្នាំ២០២៥នេះ គឺជាលើកទី២ហើយ ដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី ហៅកាត់ថា AMS ដោយកិច្ចប្រជុំទាំងពីរលើកនេះ បានរៀបចំឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។ ជាមួយគ្នានេះ មហាជន ជាពិសេសយុវជនក្នុងខេត្តសៀមរាប បានសម្តែងការគាំទ្រចំពោះ ការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ក្នុងខេត្ដសៀមរាប  ព្រោះគឺជាឱកាសដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវប្បធម៌របស់កម្ពុជាផងដែរ។ 

កញ្ញា ផានី មានអាយុជាង៣០ឆ្នាំ ប្រជាពលរដ្ឋមួយរូប រស់នៅក្នុងក្រុងសៀមរាប បានលើកឡើងថា៖ កញ្ញាបានឃើញការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមថា៖ កម្ពុជានឹងទទួលរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅក្នុងខេត្តសៀមរាប នាចុងខែកក្កដានេះ។ ក្នុងនាមជាអ្នករស់នៅមូលដ្ឋាននេះផ្ទាល់ កញ្ញាពិតជារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ព្រោះថា៖ ការរៀបចំកិច្ចប្រជុំនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ជាពិសេសបានរួមចំណែកជួយផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ វប្បធម៌របស់ខេត្តសៀមរាប ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។

សំឡេងទី១« ក្នុងនាមជាអ្នកខេត្តសៀមរាបមួយរូប ខ្ញុំពិតជារីករាយ ដែលរាជរដ្ឋាភិបាលជ្រើសយកខេត្តសៀមរាប ជាទីតាំងប្រារព្ធពិធី និងទទួលស្វាគមន៍គណៈប្រតិភូ។ ទាំងនេះនឹងក្លាយជាចំណែកមួយ ដើម្បីផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ វប្បធម៌របស់ខេត្តសៀមរាប កាន់តែទូលំទូលាយ អាចទាក់ទាញទេសចរ ជាពិសេសទេសចរបរទេសចូលមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។ មួយវិញទៀត កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីនេះ ក៏នឹងបង្ហាញទៅកាន់ពិភពលោកផងដែរ អំពីការអភិវឌ្ឍរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា អាចជួយប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយ ដែលបានកើតមានមិនថាកម្ពុជា និងទូទាំងសកលោក »។

ចំណែកលោក យី សុថា ប្រជាពលរដ្ឋមួយរូប មានទីលំនៅក្នុងខេត្តសៀមរាបដែរនោះបានលើកឡើងដែរថា៖ នៅក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ី ហៅកាត់ថា AMS ពិតជាមានថ្នាក់ដឹកនាំសំខាន់ៗ នៃបណ្តាប្រទេសជាសមាជិក ជាពិសេសអ្នកធ្វើការលើវិស័យសារព័ត៌មាន អញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ហេតុដូច្នេះ កិច្ចប្រជុំខាងលើលោកជឿជាក់ថា៖ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីពិភាក្សាលើការងារអភិវឌ្ឍផ្សព្វផ្សាយទូទាំងសកលលោក និងក្នុងតំបន់។ បន្ថែមពីនេះ អ្នកដែលអាចទទួលបានផ្តល់ប្រយោជន៍ដោយផ្ទាល់ គឺអ្នកពឹងអាស្រ័យលើវិស័យទេសចរណ៍ ព្រោះថា៖ នៅពេលមានកិច្ចប្រជុំធំៗ ក្រុមគណៈប្រតិភូ ក៏នឹងអញ្ជើញទស្សនកិច្ចផងដែរ នៅតាមប្រាសាទនានា ក្នុងតំបន់អង្គរ ហើយពួកគាត់ក៏ នឹងបន្តជួយផ្សព្វផ្សាយអំពីសក្តានុពលទាំងនោះបន្តទៀត។

សំឡេងទី២« តាមរយៈបណ្តាញទំនាក់ទំនងសង្គម ខ្ញុំបានទទួលព័ត៌មានថា៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ ក្នុងនាមជាយុវជន ជាពិសេសអ្នកដែលរស់នៅក្នុងខេត្តសៀមរាបតែម្តង ខ្ញុំពិតជាមានមោទភាព និងសប្បាយរីករាយ ជាពិសេសសូមចូលរួមគាំទ្រចំពោះ ការរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ ហៅកាត់ថា AMS  ខ្ញុំរំពឹងថា៖នៅថ្ងៃខាងមុខ បន្តទៀតនឹងទទួលបានកំណើនភ្ញៀវទេសចរកាន់តែច្រើន ព្រោះថា៖ ក្នុងព្រឹត្តិការណ៍នេះ អ្នកចូលរួមសុទ្ធតែជាថ្នាក់ដឹកនាំអន្តរជាតិ និងអ្នកសារព័ត៌មានបរទេសជាច្រើនដែលមកពីបណ្តាប្រទេសជិត៥០លើពិភពលោក មកទស្សនាផ្ទាល់ និងមើលឃើញទិដ្ឋភាពជាក់ស្តែងដ៏អស្ចារ្យនៃប្រាសាទបុរាណខ្មែរនៅក្នុងខេត្តសៀមរាប។ ខ្ញុំក៏ជឿជាក់ថា៖ ពួកគាត់ដែលជាបុគ្គលសំខាន់ៗ ដែលបានចូលមកតាមរយៈកិច្ចប្រជុំ នៅកម្ពុជា ក៏ដូចជា៖នៅខេត្តសៀមរាប នឹងបន្តផ្សព្វផ្សាយពីសក្តានុពល នៃប្រាង្គប្រាសាទបុរាណពីប្រទេសកម្ពុជា ហើយចំពោះបងប្អូន ដែលពឹងអាស្រ័យលើវិស័យទេសចរណ៍ ថ្ងៃអនាគត់ ក៏អាចស្វែងរកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារតាមរយៈកិច្ចប្រជុំនេះផងដែរ»។

លោកសុថា បានបន្ថែមថា៖ បើសិនជាអាចលោកសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ឆ្លៀតឱកាសក្នុងកិច្ចប្រជុំ ចែករំលែកចំណេះដឹង បទពិសោធន៍នៃការប្រើប្រាស់បច្ចេកឌីជីថល ទៅដល់យុវជន យុវនារីជំនាន់ក្រោយ បានចូលរួម និងស្វែងយល់។

មិនខុសគ្នាពីការលើកឡើងខាងលើប៉ុន្មានឡើយ កញ្ញា សុបញ្ញា មានអាយុជាង២០ឆ្នាំ ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងក្រុងសៀមរាបដែរនោះបានបង្ហាញការគាំទ្រ ចំពោះសន្និសីទកំពូលសារព័ត៌មានអាស៊ី ហៅកាត់ថា AMS ដោយតាមរយៈកិច្ចប្រជុំនេះ អត្ថប្រយោជន៍ជាច្រើន ដែលកម្ពុជាយើងទទួលបាន លើវិស័យសារព័ត៌មាន និងផលប្រយោជន៍ខាងទេសចរណ៍ផងដែរ។

សំឡេងទី៣« អត្ថប្រយោជន៍នៃប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលមានការចូលរួមពីសមាជិកទៅដល់៥០ប្រទេស ហើយអត្ថប្រយោជន៍ដែលកម្ពុជាយើងទទួលបាន ទី១.ផ្សព្វផ្សាយព័ត៌មានទូទាំងក្នុងប្រទេសឱ្យពិភពលោកបានដឹង អ្វីៗជាព្រឹត្តិការណ៍ដែលកើតឡើងក្នុងប្រទេសយើងផងដែរ។ទី២.ចំណូលជាតិ កាន់តែចូលច្រើន ជាពិសេសប្រជាពលរដ្ឋយើងមានការងារធ្វើ មានប្រាក់កម្រៃកាន់តែច្រើន។ ហើយសម្រាប់ប្រទេសយើងក៏មានមុខមាត់ខ្លាំងមែនទេន គឺការផ្សព្វផ្សាយព័ត៌មាន ទៅកាន់ពិភពលោក បានដឹងថា៖កម្ពុជាយើងគឺពិតជាអស្ចារ្យ មានអ្វីៗ ការផ្សាយព័ត៌មានពិត មិនក្លែងក្លាយ ជាពិសេសគឺបេតិកភណ្ឌពិភពលោក»។

ឯកឧត្ដម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាសមាជិកអនុគណៈកម្មការខ្លឹមសារ និងឯកសារនៃគណៈកម្មការរៀបចំសន្និសីទកំពូល AMS លើកទី២០ បានមានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ ជីវិតយើងសង្គមយើង របស់វិទ្យុជាតិកម្ពុជាថា៖ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit)ហៅកាត់ថា AMS នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ " ពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីឧត្តមភាព" ដែលមានអ្នកសារព័ត៌មានចូលរួម មកពីសមាជិកចំនួន ៥០ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិ ដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ឯកឧត្តមថា៖ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីរួចម្តងហើយ ដូច្នេះកម្ពុជាក៏មានបទពិសោធន៍ក្នុងកិច្ចការងារនេះ និងបានរៀបចំសព្វគ្រប់ ដើម្បីឱ្យសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ដំណើរការយ៉ាងរលូនផងដែរ។

សំឡេងទី៤«ការងាររៀបចំគឺយើងបាននឹងកំពុងរៀបចំនៅលើទឹកដីអច្ឆរិយៈអង្គរខេត្តសៀមរាប ហើយកម្ពុជាយើងមានវាសនាក្នុងការរៀបចំកិច្ចប្រជុំបែបនេះ ២លើកហើយនៅខេត្តសៀមរាប គឺកាលពីឆ្នាំ២០១៩  និងឆ្នាំ២០២៥នេះម្តងទៀត យើងមានបទពិសោធន៍ក្នុងការរៀបចំការងារនេះ បើគិតទៅដូចជាការត្រៀមបម្រុងផ្សេង ខ្ញុំគិតថាយើងរលូនគ្មានបញ្ហាទេ ហើយការងារបច្ចេកទេសមួយចំនួនទៀត ក៏យើងសហការគ្នាយ៉ាងជិតស្និតបំផុតជាមួយ វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក (AIBD) ក្នុងការរៀបចំដែរ »។

ឯកឧត្ដម អ៊ិន ឆាយ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកអនុគណៈកម្មការខ្លឹមសារ និងឯកសារនៃគណៈកម្មការរៀបចំសន្និសីទកំពូល AMS លើកទី២០មានប្រសាសន៍ថា៖ ការជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល AMS ដោយសារកម្ពុជា មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីឱ្យដំណើរការនៃកិច្ចប្រជុំបានប្រព្រឹត្តិទៅដោយជោគជ័យ។ ឯកឧត្តមថា៖ ចំណុចពិភាក្សាគោលសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ថ្ងៃទី២០ដំណើរមកដល់របស់គណៈប្រតិភូអន្តរជាតិ។ ថ្ងៃទី២១ រៀបចំសិក្ខាសាលាអម ពិភាក្សាលើប្រធានបទចំនួន៧ ដែលមានសិក្ខាកាម មកពីបណ្តាប្រទេសទាំងនោះ ជាវាគ្មិន ដែលមានជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ។ ចំណែកនៅថ្ងៃបន្តបន្ទាប់គឺ សន្និសីទកំពូលឬហៅថា កិច្ចប្រជុំពេញអង្គ។ បន្ថែមពីនេះ ក៏មានការប្រមូលផ្តុំ សិស្សនិស្សិត មកពីសាកលវិទ្យាល័យនានា ក្នុងខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយឱ្យយុវជនចេះប្រើប្រាស់បច្ចេកវិទ្យាឌីជូថល និងមួយទៀត ការជជែកពិភាក្សាអំពីព័ត៌មានក្លែងក្លាយ ដែលជាក្តីបារម្ភមួយរបស់ពិភពលោក។

សំឡេងទី៥« នៅក្នុងសម័យប្រជុំ ដែលថា៖មាន៧វគ្គហ្នឹង មានសម័យប្រជុំមួយ គឺពិសេសតែម្តង គឺគេប្រមូលយុវជនដែលជានិស្សិត មកជួបជុំគ្នា ក្នុងវគ្គហ្នឹងគឺថា៖ ប្រហែល២០០នាក់ ជានិស្សិតមកសាកលវិទ្យាល័យក្នុងក្រុងសៀមរាប។ ក្នុងវគ្គដែលគេពិភាក្សាហ្នឹង គឺគេពិភាក្សាឱ្យយុវជនចេះប្រើនូវបច្ចេកវិទ្យា ដើម្បីមានសិទ្ធិអំណាច មានលទ្ធភាពក្នុងការប្រើនូវបច្ចេកវិទ្យាឌីជីថលហ្នឹង ប្រកបអាជីពរបស់ខ្លួន ឱ្យបានជោគជ័យក្នុងដំណើរជីវិត។ នេះជាវគ្គពិសេសក្នុងចំណោមវគ្គទាំង៧នៃសម័យប្រជុំដំបូង។ សូមងាកចូលមកដល់ថាតើមានប្រធានបទអ្វីខ្លះ? ខ្ញុំសុំលើកតែប្រធានបទ២ទេ ដែលសំខាន់បំផុត ដែលបានលើកឡើងពិភាក្សា មិនដាច់តាំងពីសន្និសីទកំពូលមុនៗមក មកដល់ឥឡូវក៏នៅតែពិភាក្សាពីបញ្ហាហ្នឹងដែរ ហើយក៏ជាប្រធានបទមួយ ដែលជាការបារម្ភរបស់ឯកឧត្តមរដ្ឋមន្ត្រីយើងខ្ញុំ ដែលបានលើកឡើងហើយស្នើសុំឱ្យមានការពិភាក្សាបានផុលផុសពីបញ្ហាហ្នឹង ប្រធានបទទី១គឺព័ត៌មានក្លែងក្លាយ ប្រធានបទទី២៖ គឺការទូតព័ត៌មាន ហេតុអីបានជាប្រធានបទពីរហ្នឹងសំខាន់ដូចប្រិយមិត្តដឹងហើយ ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានមួយ គ្រោះថ្នាក់បំផុត»។

លោកអ្នកនាងជាទីមេត្រី!

សន្និសីទកំពូល AMS លើកទី២០ គឺជាការប្រជុំជារៀងរាល់ឆ្នាំ របស់ផលិតករព័ត៌មាន រួមមានវិទ្យុ ទូរទស្សន៍ កាសែត អ្នកផលិតសម្ភារប្រព័ន្ធព័ត៌មាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ផ្ទេរចំណេះដឹង ទៅដល់អ្នកជំនាន់ក្រោយ និងដើម្បីគិតគូរពិចារណាថា៖ តើការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ការដោះស្រាយវិបត្តិលើប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំកន្លងមក តើយើងធ្វើយ៉ាងណាដែរ។ នៅក្នុងកិច្ចប្រជុំនេះ គឺជាការជួបជុំគ្នា ដើម្បីនិយាយអំពីកិច្ចការងារ ហើយដំណោះស្រាយ ប្រទេសនីមួយៗដើរតួនាទីដូចម្ដេច ដើម្បីអភិវឌ្ឍន៍វិស័យប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

សូមជម្រាបជូនផងដែរថា សន្និសីទកំពូលសារព័ត៌មានអាស៊ីហៅកាត់ថា AMS គឺជាការជួបជុំគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញៗនៃប្រព័ន្ធផ្សព្វផ្សាយ ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយកិច្ចប្រជុំលើកទី១នៅប្រទេសម៉ាឡេស៊ី។ សម្រាប់កិច្ចប្រជុំលើកទី២០នេះ ក្នុងនាមជាម្ចាស់ផ្ទះក្រសួងព័ត៌មាន នឹងផ្ដោតសំខាន់ទៅលើ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។នេះជាលើកទី២ហើយដែលប្រទេសកម្ពុជាមាន កិត្តិយសដ៏ខ្ពង់ខ្ពស់ បានទទួលធ្វើជាម្ចាស់ផ្ទះ សន្និសីទកំពូលស្តីពី៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ។ខណៈសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប៕