វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៦/៧/២០២៥)
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ទោះបីស្ថានភាពសន្តិសុខ ក្នុងតំបន់បេសកកម្មដែលកងកម្លាំងរក្សាសន្តិភាពកម្ពុជា ឈរជើង បាននិងកំពុងប្រឈមការគំរាមកំហែងជារៀងរាល់ថ្ងៃ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែតម្កល់ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តបរិច្ចាគកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ។
ការថ្លែងគូសបញ្ជាក់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរ ពិធីទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមាន កងកម្លាំងស្ត្រី ចំនួន២០,៨% បានចូលរួមបេសកកម្ម រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ខណៈដែល ជាង២០ឆ្នាំកន្លងមកនេះ កងកម្លាំងកម្ពុជា បានប្រើប្រាស់ជំនាញ វិជ្ជាជីវៈខ្ពស់ និងបង្ហាញពីស្មារតីសាមគ្គីភាព សហប្រតិបត្តិការ ការគោរពវិន័យល្អ និងភាពអង់អាចក្លាហាន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលចូលរួមបំពេញបេសកកម្ម ។
ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធី នយោបាយជាអាទិភាព ក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាព នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រទេសនានា នៅលើពិភពលោក ដែលមានប្រជាជនកំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្គ្រាម។
"ជាក់ស្តែងទោះបីស្ថានភាពសន្តិសុខ ក្នុងតំបន់បេសកកម្មដែលកងកម្លាំងរក្សាសន្តិភាព កម្ពុជា ឈរជើង បាននិងកំពុងប្រឈមការគំរាមកំហែងជារៀងរាល់ថ្ងៃ ទាំងបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ដែលបង្កឡើងដូចតួអង្គមិនមែនរដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែតម្កល់ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តបរិច្ចាគកងកម្លាំងចូលរួមបេសកកម្ម រក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌" ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍមធ្យោបាយ សម្រាប់បំពាក់ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ពង្រឹងសមត្ថភាពដឹកនាំ ផ្នែកគោលនយោបាយ និងលើកកម្ពស់ការហ្វឹកហ្វឺនជំនាញបច្ចេកទេស លើគ្រប់វិស័យ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងបានត្រៀមខ្លួនជាស្រេច ក្នុងប្រព័ន្ធ UN PCRS "United Nations Peacekeeping Capability Readiness System” ដោយបានរៀបចំកងចំនួន៤ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបសំណូមពរភ្លាមៗរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាពពិភពលោក។ កងទាំង០៤នោះរួមមាន៖ ០១-១កងវិស្វកម្មស្ពានបណ្តែតទឹក និងស្ពានចល័ត, ០២-១ កងកម្ទេចគ្រាប់មិនទាន់ផ្ទះ, ០៣-១កងវិស្វកម្មពហុជំនាញ និង ០៤-១កងរាជអាវុធហត្ថ។
ជាមួយគ្នានេះដែរ ឯកឧត្តម ទៀ សីហា បានឱ្យដឹងថា កម្ពុជា បានត្រៀមធនធានមនុស្ស ឧបករណ៍ សម្ភារៈ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងការធានាផ្សេងៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាមិត្ត ធ្វើការហ្វឹកហ្វឺនលើគ្រប់វិស័យ ទាំងជំនាញបច្ចេកទេស ទ្រឹស្តី ភាសា ព្រមទាំងបានសហការ ជាមួយប្រទេសដៃគូជារួមសហការរៀបចំធ្វើម្ចាស់ផ្ទះ គម្រោងហ្វឹកហ្វឺនរក្សាសន្តិភាពនៅកម្ពុជា៕