វិទ្យុជាតិកម្ពុជា ឈួន សំអាត 16-07-2025
ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អូស្មាន សាហ្គឡាម សមាជិករដ្ឋសភានិងជាប្រធានគណៈប្រតិភូសភាតួកគីយ៉េប្រចាំអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងពេលដឹកនាំប្រតិភូចូលរួម “កិច្ចប្រជុំអ្នកនយោបាយ នៃអន្តរសភាអាស៊ានលើកទី ១៦។
ឯកឧត្តមអនុប្រធានទី១ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូតួកគីយ៉េ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីចូលរួម “កិច្ចប្រជុំអ្នកនយោបាយនៃអន្តរសភាអាស៊ានលើកទី ១៦” (16th AIPA Caucus) ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសភា ការទូត និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអាស៊ាន និងដៃគូអាស៊ាន។
ឯកឧត្តម អនុប្រធានទី១ ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគីយ៉េ ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់ គ្របដណ្ដប់វិស័យសំខាន់ៗ ជាពិសេស វិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យអប់រំ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា ដែលរដ្ឋាភិបាលតួកគីយ៉េ បានផ្តល់តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីដល់កម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម។
ឯកឧត្តម អូស្មាន សាហ្គឡាម បានបង្ហាញពីក្ដីសោមនស្សរីករាយ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអ្នកនយោបាយ នៃអន្តរសភាអាស៊ានលើកទី១៦ ដែលនេះគឺជាលើកទីមួយរបស់តួកគីយ៉េ បន្ទាប់ពីបានក្លាយអ្នកសង្កេតការណ៍របស់ “អាយប៉ា” កាលពីខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីយ៉េនៅក្នុងការពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា រួមទាំងអាស៊ាន។
ឯកឧត្តម អ៊ុច បូររិទ្ធ បានបង្ហាញពីជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតួកគីយ៉េនាពេលនេះ នឹងរួមចំណែកបន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ ឱ្យឡើងខ្ពស់ថែមមួយកម្រិតទៀត៕