វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៦ ០៧ ២០២៥
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានដាក់ឱ្យដំណើរការជាផ្លូវការ “ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ” ។
ក្របខ័ណ្ឌនេះបង្កើតជាប្រព័ន្ធថ្នាក់ជាតិមួយ សម្រាប់ការសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតំណាងឱ្យប្រមាណ ៩៧% នៃតួអង្គសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា៖ “ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹង និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រជាតិ។ ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយសម្រាប់រាជរដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើសេចក្តីសម្រេចចិត្តទាន់ពេលវេលា និងបង្កើនគណនេយ្យភាពសម្រាប់
តួអង្គទាំងអស់ដែលអនុវត្តយុទ្ធសាស្ត្រជាតិ។”
ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ កំណត់សូចនាករសមិទ្ធកម្មគន្លឹះច្បាស់លាស់ ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នគ្រប់កម្រិត ឱ្យស្របទៅនឹងសមត្ថភាព និងធនធានរបស់ខ្លួន។
ក្របខ័ណ្ឌនេះគឺជាលទ្ធផលនៃដំណើរការពិគ្រោះយោបល់រួមគ្នារយៈពេលមួយឆ្នាំ ដែលទទួលបានធាតុចូលពីសិក្ខាសាលាថ្នាក់ជាតិ ការពិគ្រោះយោបល់បច្ចេកទេសជាមួយក្រសួងចំនួន ១០ និងការពិគ្រោះយោបល់ថ្នាក់តំបន់ចំនួន ៥ លើក ជាមួយរដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស។
លោកស្រី Kirsty Harris ទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា៖ "រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងគាំទ្រដល់ការអភិវឌ្ឍផ្ទាំងគ្រប់គ្រងទិន្នន័យឌីជីថលសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ ដែលនឹងលើកកម្ពស់តម្លាភាព ការសម្របសម្រួល និងការអនុវត្តគោលនយោបាយដែលផ្អែកលើភស្តុតាង។ នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់អូស្ត្រាលីចំពោះកំណើនសេដ្ឋកិច្ចដែលមានភាពធន់ ចីរភាព និងបរិយាបន្ននៅកម្ពុជា។”
លោក Shakeel Ahmad អ្នកតំណាងរងប្រចាំប្រទេសនៃអង្គការ UNDP បានលើកឡើងថា៖ “ខណៈដែលការងារ មុខរបរ និងអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនមិនមានការគាំពារ ហើយប្រឈមនឹងភាពងាយរងគ្រោះ វិស័យនេះក៏មានសក្តានុពល ជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនប្រកបដោយបរិយាបន្នផងដែរ។ UNDP ប្តេជ្ញាបន្តកិច្ចសហការជាមួយដៃគូ រួមទាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ និងក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃនេះ។ ”
កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន សមាគមធុរកិច្ច ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល សរុបប្រមាណ ៣៥០នាក់ ព្រមទាំងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ជាមួយធនាគារចំនួន ៣ បន្ថែមទៀត ក្នុងគោលដៅផ្តល់ជម្រើសនិងភាពងាយស្រួល សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ។
កម្មវិធីរួមមានការបង្ហាញអំពីក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃ, ផែនការសកម្មភាពរួមរបស់ក្រសួង-ស្ថាប័ន, និងផ្ទាំងគ្រប់គ្រងទិន្នន័យ (Dashboard) ដោយរំលេចសមត្ថភាពប្រព័ន្ធសម្រាប់ការសម្របសម្រួល និងការតាមដានទិន្នន័យក្នុងពេលវេលាជាក់ស្តែង។
បច្ចុប្បន្ន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីទូរសព្ទដៃ វិបផតថល និងសាខាធនាគារដៃគូនៅទូទាំងប្រទេស។ ជាមួយនឹងការចុះអនុស្សរណៈយោគយល់នាថ្ងៃនេះ ធនាគារដៃគូដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលសេវាចុះឈ្មោះ បានកើនឡើងដល់ ៨ រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, ធនាគារ ARDB, ធនាគារ វីង, ធនាគារ ABA, ធនាគារអេស៊ីលីដា, ធនាគារ វឌ្ឍនៈ, ធនាគារកាណាឌីយ៉ា, និងធនាគារពាណិជ្ជកម្មក្រៅប្រទេស។
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថ្នាលឌីជីថលបានទទួលសំណើចុះឈ្មោះចំនួន ១១៩.១៨៣ ដែលជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទទួលស្គាល់ និងពង្រីកសក្តានុពលនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕