វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៧ ២០២៥
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា បានអំពាវនាវឱ្យរដ្ឋាភិបាលថៃពិចារណាដំណោះស្រាយ ដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសជម្លោះបន្ថែមទៀតដែលបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករបួសទាំងសងខាង។
ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដានេះ ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA)លើកទី១៦ ដែលរៀបចំឡើងនៅវិមានរដ្ឋសភា។
កិច្ចប្រជុំធ្វើឡើងក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍អាយប៉ា និងប្រទេសជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍សរុបប្រមាណជិត៣០០នាក់។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងពីករណីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ជូនគណៈប្រតិភូជាសមាជិកសភាបរទេសទាំងអស់ថា តំណាងរាស្រ្តកម្ពុជាទាំងអស់ បានគាំទ្រជាឯកច្ឆន្ទចំពោះការយកបញ្ហាព្រំដែន ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ តាមគំរូសំណុំរឿងសិង្ហបុរី-ម៉ាឡេស៊ីក្នុងឆ្នាំ២០០៨ និងសំណុំរឿងម៉ាឡេស៊ី-ឥណ្ឌូនេស៊ី ឆ្នាំ១៩៩៨។ បន្ទាប់ពីការចរចាអស់២៥ឆ្នាំ គ្មានលទ្ធផលដុំកំភួន និងមានជម្លោះជាបន្តបន្ទាប់។
ឯកឧត្តម បានស្នើឱ្យមានការពិចារណាបង្កើតវេទិកាអ្នកដឹកនាំសភាអាយប៉ា ដើម្បីជាវេទិកាថ្មីមួយទៀតដល់សភា ក្នុងការជជែកស្វែងរកដំណោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានរាប់មិនអស់ ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកឡើងថា «ទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ» សម្រេចទៅបានលុះត្រាតែអាស៊ានប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាផ្អែកលើច្បាប់ គោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដោយស្មោះត្រង់ទៅវិញទៅមក៕