មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការដាំកូនឈើជាការបង្កើនគម្របបៃតងនិងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍

Narith | ថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៦ ០៧ ២០២៥

«ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលយកកូនឈើទៅដាំតាមសហគមន៍ និងដាំស្តារព្រៃ មិនត្រឹមតែបង្កើនភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ដើមឈើ ដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជាផ្នែកមួយ នៃការអភិវឌ្ឍគោលដៅលំហែបៃតង ដែលទាក់ទាញទេសចរ នាពេលអនាគតផងដែរ»។ នេះគឺជាថ្លែងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅចំពោះមុខថ្នាក់ដឹកនាំ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុកអូររាំងឪ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ រួមជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ក្រុមយុវជន និងប្រជាពលរដ្ឋនៅ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមកពីឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ 

ឯកឧត្តម បានថ្លែងបន្តថា ការចូលរួមដាំដើមឈើនៅមូលដ្ឋានគ្រប់ទីកន្លែង រួមចំណែក ជំរុញលើកទឹកចិត្តប្រជាសហគមន៍ ចូលរួម ក្នុងសកម្មភាពយុទ្ធនាការ ពិព័រណ៍«ពន្លកបៃតង» ចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋយកទៅដាំ និងរួមជាមួយព្រឹត្តិការណ៍ដាំកូនត្នោត១លានដើម ក្នុងឆ្នាំ២០២៥ ដែលគ្រោងរៀបចំឡើងដោយក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ។ 

ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចការងារ របស់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំ និងជាពិសេសប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបានតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍បរិស្ថាន ដើម្បីបង្កើនជីវភាពសហគមន៍។ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកន្លងមក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០ កម្ពុជា ប្រទេសមានចំណូលខ្ពស់ និងអព្យាក្រឹតកាបូន។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃការដឹកនាំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ ក្នុងការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះមានយុទ្ធនាការ «ពន្លកបៃតង» ជំរុញការដាំដើមឈើឱ្យបានច្រើន នៅតាមតំបន់ព្រៃរេចរឹល តំបន់សហគមន៍ ដែលផ្តល់គម្របបៃតង ផ្តល់ជាស្បៀង សម្រស់របស់មូលដ្ឋាន ទៅដល់ភ្ញៀវទេសចរ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ ក្នុងតំបន់ នៅពេលរុក្ខជាតិទាំងអស់នេះ ដុះលូតលាស់ធំឡើង។ 

ឯកឧត្តមបានបន្ថែមថា សកម្មភាពទាំងនេះ ក៏ជាការចូលរួមធ្វើឱ្យប្រជាពលរដ្ឋឈប់ចូលព្រៃកាប់ឈើ ឈប់ប្រមាញ់សត្វព្រៃ ដូចមុន ហើយងាកមកជាអ្នកចូលរួមអភិរក្ស ថែរក្សាព្រៃឈើ ដើម្បីការពារធនធានធម្មជាតិ និងរៀបចំគោលដៅលំហែបៃតង គួរជាទីទាក់ទាញ និងបន្សល់ទុកសម្រាប់កូនចៅ តជំនាន់ក្រោយៗទៀត។ 

សូមបញ្ជាក់ថា រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានគម្រោងដាំកូនឈើតាមមូលដ្ឋាន តាមដងផ្លូវ  ចំនួនប្រមាណ១ម៉ឺនដើម ក្នុងឆ្នាំ២០២៥ ហើយដោយឡែកនៅក្នុងឃុំព្រះធាតុ នៅថ្ងៃនេះ ក្រុមការងារក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនឈើអមសងខាងផ្លូវ និងតាមគេហដ្ឋាន ចំនួន១០០០ដើម។ កូនឈើដែលយកមកដាំនៅពេលនេះ ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ ដែលបានបណ្តុះកូនឈើបានជាង៣៨ម៉ឺនដើម ជាឈើប្រភេទឈើហូបផ្លែ  ឈើព្រៃ និងកូនត្នោត។ ក្នុងឆ្នាំ២០២៥នេះ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ បានផ្តល់កូនឈើជូនសាធារណជន ដោយឥតគិតថ្លៃជាបណ្តើរៗ ចំនួនជាង៣ម៉ឺនដើម រួចមកហើយ ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅខេត្តត្បូងឃ្មុំ សៀមរាប កោះកុង មណ្ឌលគិរី និងកំពង់ស្ពឺ នៅឆ្នាំ២០២៥ បានចំនួនជាង ៣,៤លានដើម ហើយបានចែកជូនសាធារណជនជាបណ្តើរៗ នៅឆ្នាំនេះ បានចំនួនជាង៨៥ម៉ឺនដើមរួចមកហើយ រហូតមកទល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងបរិស្ថានគ្រោងចែកកូនឈើនៅឆ្នាំ២០២៥នេះចំនួន៣លានដើម ក្នុងនោះមានកូនត្នោតចំនួន១លានដើម៕