វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៦/៧/២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងត្រូវបានបន្តពូនជ្រំ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។
ការបង្ហាញសុទិដ្ឋិនិយម របស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។
ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានចាត់ទុកពេលវេលា នៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុត ក្នុងជីវិតការងាររបស់លោក និងមានមោទនភាព ដែលបានចូលរួមចំណែក ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូ យ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើត ចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តមទូត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់លោក ឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងការអបអរសាទរចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ។
សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែង រួមចំណែក យ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។
សម្ដេចធិបតី ក៏បានរំឭកពីលទ្ធផលផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០២៤ កន្លងទៅ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរ បានជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន។
សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េនៅមានសក្ដានុពលជាច្រើន ដែលត្រូវពង្រីកបន្ថែម ហើយសម្តេចមានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕