វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៦.០៧.២០២៥
អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរួបរួមគ្នាជាធ្លុងមួយនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរុញនាវាកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើន ថែមមួយកម្រិតទៀត ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ក្នុងកិច្ចសំភាសន៍ពិសេសរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ថា ការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ធំ គឺជាកិច្ចការងារដ៏សំខាន់ដែលអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវតែរួមគ្នាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃនិងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ជាពិសេសជួយធ្វើឱ្យសេដ្ឋកិច្ចខេត្ត មានការរីកចម្រើន ។
ឯកឧត្តម បានបន្តថា ពិតណាស់ ការរក្សាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវតែមានការចូលរួមសហការពីប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ដើម្បីរួមសាមគ្គីគ្នា បង្ហាញទៅកាន់ប្រទេសជិតខាង ថា ប្រជាជនកម្ពុជាមានការជឿជាក់លើរាជរដ្ឋាភិបាល ។
ក្នុងនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្ត ឱ្យរួមគ្នាបន្តរក្សាសុខសន្តិភាព ដែលសម្តេចតេជោ បានស្ថាបនាឡើងយ៉ាងលំបាក និងការខិតខំប្រឹងប្រែងរក្សាបន្តទៀត ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងជាលំដាប់ ។
« ពាក្យថាសន្តិភាពគឺជាពាក្យដែលស្ដាប់មិនចេះធន់ ព្រោះជាមេរៀនដែលត្រូវរំឭកជាប្រចាំ ពីព្រោះបាត់បង់សន្តិភាពគឺបាត់បង់គ្រឹះនៃការអភិវឌ្ឍ ហើយមិនអាចធ្វើដំណើរទៅមុខបានលឿននោះទេ ទីពីរគឺសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រួមគ្នារក្សាភាពស្ងប់ស្ងាត់និងចាស់ទុំ លើបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ហើយអ្វីដែលសំខាន់សូមឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចជាមេដឹកនាំបន្តវេនម្នាក់ ដែលមានភាពស្វាហាប់ មានចក្ខុវិស័យវែងឆ្ងាយ មានឧត្ដមគតិ មានភាពជឿជាក់ ហើយយើងខ្ញុំក៏ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេច និងរុញនាវាកម្ពុជាឱ្យមានការអភិវឌ្ឍមួយកម្រិតបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជានិងប្រជាជាតិខ្មែរទាំងមូលផងដែរ » ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពង់ធំ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព , ដាក់ចេញនូវផែនការសំខាន់ៗដើម្បីអភិវឌ្ឍខេត្ត , រៀបចំគម្រោងបង្កើនការទាក់ទាញវិនិយោគិន , ចូលរួមដោះស្រាយវិវាទជូនប្រជាពលរដ្ឋ , ដាក់ចេញវិធានការគ្រប់គ្រងធនធានធម្មជាតិ , ពង្រឹងសេវាសាធារណៈដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសខិតខំជំរុញក្រុមការងារ ឱ្យបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យបានចប់រួចរាល់នៅក្នុងដំណាច់ឆ្នាំ២០២៥នេះ ៕