វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ១៦ ០៧ ២០២៥
MC៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារត្រួតពិនិត្យបច្ចេកទេសយានយន្ត ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់គុណភាពផ្លូវថ្នល់ ប្រើប្រាស់បានយូអង្វែង ជៀសវាងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បង្ករការខូតខាតផ្លូវថ្នល់ ពិសេសបង្កគ្រោះថ្នាក់ដល់អ្នក ដំណើរលើដងផ្លូវ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា លោកជូ កូល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានមានប្រសាសន៍ថា មន្ទីរបានអនុវត្តកិច្ចការងារយ៉ាងសកម្មលើការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងការរឹតបន្តឹងការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់គុណភាពផ្លូវថ្នល់ ដោយបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យ តាមគោល ដៅផែនការ ដែលបានដាក់មកដោយ ឯកឧត្តមអភិបាលខេត្ត។ លោកប្រធានបន្តថា បច្ចុប្បន្នមន្ទីរមានទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មួយកន្លែង ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន នៅលើកំណាត់ផ្លូវជាតិលេខ ៦ ត្រង់ម្តុំ គ.ម១៥៦។ ទន្ទឹមនេះ មន្ត្រីរបច្ចេកទេសរបស់មន្ទីរ ក៏បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យយានដ្ឋានជួសជុល និងកែរច្នៃរថយន្ត ក្នុងនោះមន្ទីរមានស្ថានីយជញ្ជីងថ្លឹងរថយន្ត មួយកន្លែង ដែលមានទីតាំងនៅលើកកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក។
«សូមធ្វើការសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ កុំមានការកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស កុំដឹកលើសទម្ងន់កម្រិតកំណត់ដែលបង្កឱ្យមានការខូចខាតទៅដល់ផ្លូវថ្នល់កុំបើកបរលើសល្បឿន នឹងត្រូវយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ ជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ទៀតសោតសូមចូលរួមគោរពច្បាប់ចរាចរណ៍ ក៏ដូចជាច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ក្នុងគោលដៅដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងសូមធ្វើយ៉ាងណាអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងអ្នកបើកបររថយន្តសូមពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ។»
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងទៀតថា មន្ទីររួមជាមួយនឹងរដ្ឋបាលខេត្ត តែងតែចុះណែនាំ ផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ នឹងរួមទាំងការធ្វើលិខិតព្រមាន ក្នុងករណីមានការតទ្រុងខុសលក្ខណៈបច្ចេកទេស ដោយមន្ទីរមានទាំងការផាកពិន័យ ការចុះណែនាំតាមដងផ្លូវ និង ការអនុវត្តច្បាប់លើម្ចាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលទាំងនេះគឺជាយុទ្ធសាស្ត្រនិងវិធានការ សម្រាប់ត្រួតពិនិត្យលើការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការដឹកជញ្ជូនទំនិញទម្ងន់លើសកម្រិតកំណត់ ៕