វិទ្យុជាតិកម្ពុជា÷មន្ទីរព័ត៌មានខេត្តតាកែវ
ឯកឧត្តម បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យមើលគម្រោងថែទាំ និងបញ្ចប់គម្រោង ផ្លូវសរុប១៥ខ្សែ មានប្រវែងសរុប ១៣៧,១៩០ម៉ែត្រ ស្ថិតនៅស្រុកសំរោង ស្រុកទ្រាំង ស្រុកព្រៃកប្បាស ស្រុកគិរីវង់ និងក្រុងដូនកែវ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត នួន ដាញ៉ិល បានលើកឡើងថា ផ្លូវគឺជាសសៃឈាមតភ្ជាប់សេដ្ឋកិច្ច ពីតំបន់មួយទៅកាន់តំបន់មួយ ដូចជាការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ សិស្សានុសិស្សទៅសាលារៀន ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ បានគ្រប់រដូវកាល និងការដឹកអ្នកជម្ងឺទៅកាន់កាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ។ ឯកឧត្តម បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុកដែលជាអ្នកទទួលផ្លូវ សូមជួយថែទាំផ្លូវទាំងអស់ អោយបានដិតដល់ និងត្រូវចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមជួយថែទាំផ្លូវខាងលើ ដោយចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់ ព្រមទាំងមានការយាមកាមអោយបានហ្មត់ចត់ និងជៀសវាងកុំឱ្យមាន រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ធ្វើចរាចរណ៍លើផ្លូវជនបទ ប្រយោជន៍ ដើម្បីរក្សាគុណភាពផ្លូវ និងប្រើប្រាស់ បានយូរអង្វែង។
យោងតាមការបញ្ជាក់ពី លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ មន្ទីរបានបញ្ចប់គម្រោងថែទាំ ក្មុងនោះមាន ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០៩ខ្សែ មានប្រវែងសរុប ៩៨៧៩០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅ ឃុំសំរោង ឃុំជំរះពេន និងឃុំសិង្ហ ស្រុកសំរោង, ឃុំអង្គប្រាសាទ ឃុំព្រៃរំដេង ឃុំរាមអណ្ដើក ស្រុកគិរីវង់, ឃុំលាយបូរ ស្រុកត្រាំកក់ និង សង្កាត់បារាយណ៍ ក្រុងដូនកែវ, និងផ្លូវក្រាលល្បាយថ្មភ្នំ និងក្រួសស ចំនួន ០៦ខ្សែ សរុបប្រវែង ៣៨៤០០ម៉ែត្រ ទទឹងខ្នងលើ ៤ម៉ែត្រ និង ៥ម៉ែត្រ ស្ថិតនៅឃុំខ្វាវ ស្រុកសំរោង, ឃុំចំប៉ា ស្រុកព្រៃកប្បាស, ឃុំលាយបូរ ឃុំជាងទង ស្រុកត្រាំកក់ និង ឃុំព្រៃស្លឹក ស្រុកទ្រាំង ៕