វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៦ ០៧ ២៥
ភ្នំពេញ៖ អគ្គលេខាធិការអន្តរសភាអាស៊ាន បានចាត់ទុកប្រវត្តិសាស្រ្ត និងការតស៊ូរបស់សម្តេចតេជោ ជាមេរៀនសម្រាប់ការកសាងសន្តិភាព និងសុខដុមរមនាសំខាន់សម្រាប់អាស៊ាន បន្ទាប់ពីកសាង និងរក្សាបាននូវសន្តិភាពជូនកម្ពុជា។
ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅល្ងាចថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន និងសហការី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រ និងការណែនាំរបស់សម្តេចតេជោនាពេលកន្លងមក ចាប់តាំងពីពេលដែលលោកជំទាវចូលកាន់តំណែងជាអគ្គលេខាធិការអន្តរសភាអាស៊ាននៅឆ្នាំ២០២២។
លោកជំទាវអគ្គលេខាធិការ បានកត់សម្គាល់ជាវិជ្ជមាននូវកិច្ចពិភាក្សា គំនិតផ្តួចផ្តើមល្អៗជាច្រើន ជាពិសេសគំនិតផ្តួចផ្តើមរបស់កម្ពុជាស្តីពីបណ្ណាល័យឌីជីថលអំពីច្បាប់ ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងអាស៊ានផង។ លោកជំទាវបានបន្តថា ដោយផ្អែកលើបទពិសោធល្អរបស់កម្ពុជានេះ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ AIPA បានសម្ពោធ AIPA LYNC ដែលជាបណ្ណាល័យឌីជីថល រួមមានឯកសារច្បាប់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដែលមានអ្នកចូលប្រើប្រាស់រហូតដល់ជិត ៣សែននាក់។
លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរគំរូវីរភាពរបស់សម្តេចតេជោ ដែលបានចែករំលែកនាឱកាសកិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ (IPTP) និង មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) ជាពិសេសប្រវត្តិតស៊ូរបស់សម្តេច និងធម្មនុញ្ញសន្តិភាពសកលរបស់សម្តេច។ លោកជំទាវ បានគូសបញ្ជាក់ថា ប្រវត្តិសាស្រ្ត និងការតស៊ូរបស់សម្តេច នៅតែស្ថិតក្នុងការចងចាំរបស់លោកជំទាវ ហើយនេះ ជាមេរៀនសម្រាប់ការកសាងសន្តិភាព និងសុខដុមរមនាសំខាន់សម្រាប់អាស៊ាន។
លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវអំណរអរគុណ និងការសាទរចំពោះគំនិតផ្តួចផ្តើម វេទិកាថ្នាក់ដឹកនាំ AIPA, AIPA Caucus និងកម្មវិធី AIPA Roadshow ដែលមាននិស្សិតប្រមាណ ៤០០នាក់ រង់ចាំសួរសំណួរដោយផ្ទាល់ និងរាប់ពាន់នាក់តាមប្រព័ន្ធអនឡាញ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអរគុណលោកជំទាវអគ្គលេខាធិការចំពោះការកត់សម្គាល់បទពិសោធន៍ និងគំនិតផ្តួចផ្តើមល្អៗរបស់កម្ពុជា និងបានសាទរចំពោះសមិទ្ធផលនានា ដែល AIPA សម្រេចបាន។
សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មនៅក្នុងក្របខណ្ឌអាស៊ាន ហើយជាក់ស្តែង សម្តេច បានកាន់ញញួរក្នុងឋានៈជាប្រធានអាស៊ានចំនួន ៣ដងនាពេលកន្លងមក។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះការបង្កើតឱ្យមានបណ្ណាល័យ AIPA LYNC ហើយនេះ ក៏ជាបទពិសោធន៍ល្អសម្រាប់អាស៊ានផងដែរ។
សម្តេចតេជោ ក៏បានចាត់ទុកតួនាទីរបស់សភា និងការចូលរួមយ៉ាងផុសផុលដោយផ្ទាល់ និងអនឡាញនាពេលនេះ គឺជានិម្មិតរូបនៃការចូលរួមយ៉ាងសកម្មរបស់ប្រជាជនក្នុងសមាហរណកម្មពេញលេញក្នុងអាស៊ាន ដែលនេះគឺជាមោទនភាពរបស់កម្ពុជា។
ក្រោមទិដ្ឋភាពសកល សម្តេចតេជោ បានបន្តចែករំលែកស្ថានភាពមិនច្បាស់លាស់នៃពិភពលោក ដែលតម្រូវឱ្យយើងធ្វើសមាហរណកម្មជាមួយដៃគូនានា ជាពិសេសសហប្រតិបត្តិការក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, អាស៊ាន-ចិន និង RCEP ជាដើម ដើម្បីឆ្លើយតបទៅនឹងការអនុវត្តដោយឯកតោភាគី។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការពង្រឹងភាពជាដៃគូ និងអង្គការតំបន់របស់យើង ទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នឹងជំរុញឱ្យមានកំណើន ជាក់ស្តែងកំណើនពាណិជ្ជកម្មអាស៊ានគ្នាឯង និងការពង្រីកទីផ្សារក្នុងក្របខ័ណ្ឌ RCEP ជាដើម។
សម្តេចតេជោ បានបន្តកត់សម្គាល់អំពីសារៈសំខាន់នៃការចែករំលែកប្រវត្តិ និងបទពិសោធន៍ ពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយ តួយ៉ាងបទពិសោធជាច្រើនរបស់សម្តេច ក្នុងការកសាង និងរក្សាបាននូវសន្តិភាពជូនកម្ពុជា ក្រៅពីអ្វីដែលសម្តេចបានចែករំលែកនៅភ្នំពេញ នៅហ្សារកាតា និងនៅទីម័រឡេស្តេផងដែរ។ សម្តេចតេជោ បានសម្តែងនូវការសាទរចំពោះសមិទ្ធផលរយៈពេលជិត ២ឆ្នាំ នៃថ្នាក់ដឹកនាំអ្នកបន្តវេនកម្ពុជា ដែលរក្សាបាននូវស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងកំណើតសេដ្ឋកិច្ចជារួម។ សម្តេចតេជោ បានបន្តលើកឡើងថា នីតិប្បញ្ញត្តិគ្រប់ប្រទេស គួរគាំទ្រដល់រដ្ឋាភិបាលដើម្បីសម្រេចបាននូវចក្ខុវិស័យ និងឧត្តមប្រយោជន៍ជូនប្រជាជន។ ក្នុងន័យនេះ សម្តេចតេជោ បានផ្តួចផ្តើមវេទិកាថ្នាក់ដឹកនាំព្រឹទ្ធសភា សំដៅជំរុញឱ្យមានកិច្ចសន្ទនារវាងព្រឹទ្ធសភា និងប្រែក្លាយវេទិកានេះជារចនាសម្ព័ន្ធទ្រទ្រង់ដល់រដ្ឋាភិបាល ក៏ដូចជាយន្តការសម្រាប់អាស៊ានផងដែរ៕