វិទ្យុជាតិកម្ពុជា÷ លោកគឹមហឿនថ្ងៃទី១៦ កក្កដាឆ្នាំ២០២៥
ប្រព័ន្ធទឹកស្អាតសម្រាប់បង្កើនផ្នែកសន្តិសុខស្បៀង ដែលរាជរដ្ឋាភិបាលផ្តល់ឱ្យ ក្រោមកិច្ចសហការពីគណៈកម្មការទន្លេមេគង្គនិងភាគីកូរ៉េជាម្ចាស់ជំនួយ រៀបចំសាងសង់បាន៥០%ហើយ និងអាចឱ្យប្រជាពលរដ្ឋនៅឃុំស្តៅជិត១.០០០គ្រួសារមានទឹកស្អាតប្រើប្រាស់នៅខែសីហាខាងមុខនេះ ។
ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ប្រព័ន្ធទឹកស្អាត នៅឃុំស្តៅ ស្រុកសេសានខេត្តស្ទឹងត្រែងថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ចាក់ថា៖នេះជាកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥ឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ដើម្បីលើកកម្ពស់ផ្នែកសុខភាពរស់នៅ ឱ្យកាន់តែប្រសើរឡើង។ លោកបន្តថា៖ការងារនេះ រដ្ឋបាលស្រុកបានជជែកគ្នាជាមួយក្រុមបច្ចេកទេសរៀបប្រព័ន្ធទឹកស្អាតនេះឱ្យចំណាយភ្លើងតិច ដោយយើងត្រូវប្រើភ្លើងសូឡាឱ្យបានច្រើនជាងភ្លើងរដ្ឋដើម្បីទាញតម្លៃទឹកសហគមន៍ឱ្យមានតម្លែទាបជូនប្រជាពលរដ្ឋ ។
<ពីព្រោះទឹកសហគមន៍របស់យើងបើយើងដាក់តម្លៃថ្លៃពេក ប្រជាពលរដ្ឋទៅអត់រួច អីចឹងជាចំណុចកម្រិតចាប់ផ្ដើមប្រើប្រព័ន្ធសូឡាខ្លះ ប្រើអគ្គិសនីខ្លះ ដើម្បីឲ្យប្រជាពលរដ្ឋគាត់មកទទួលទឹកហ្នឹង ប្រើប្រាស់បានច្រើន និងមានតម្លៃទាប។>
លោកស្រី ចាន់ថាឃីត ប្រជាពលរដ្ឋរស់នៅឃុំស្តៅបានគាំទ្រដល់ការយកចិត្តទុកដាក់នេះ ព្រោះប្រជាពលរដ្ឋយើង រំពឹងថាបានជួយស្តារសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយភាពលំបាកប្រចាំថ្ងៃ ដូចជាការបូមទឹកទន្លេមកប្រើប្រាស់វាមានមេរោគច្រើន។
<ចង់និយាយថាយើងអាចការពារ យើងធ្លាប់ប្រើទឹកទន្លេខែហ្នឹងវាត្រូវល្អក់ហើយ ពេលទឹកវាថ្លា យើងថាវាគ្មានមេរោគ ដែលយើងមើលមិនឃើញ ថាគ្មានមេរោគមិនមែនទេ បើទឹកដែលយើងចម្រោះ ចេញនេះវាអាចទៅជាស្អាត> ។
លោក នួយ ប៊ុនធួយ មេឃុំស្តៅបានទទួលស្គាល់ថា៖នៅតំបន់នេះប្រជាពលរដ្ឋយើងប្រឈមទៅនឹងជំងឺ ស៊ីសស្តូ ផង ហើយការទទួលបានប្រព័ន្ធទឹកនេះ ចំគោលដៅដែលយើងចង់បាន ដើម្បីធានាសុវត្ថិភាពកុំឱ្យកើតមានជំងឺឆ្លង ។ លោកបន្តថា៖អាជ្ញាធរឃុំនិងជំរុញឲ្យប្រជាពលរដ្ឋមកទទួលសេវាទឹកនេះ តែជំហានដំបូងយើងមិនទាន់មានលទ្ធភាពក្នុងការតទុយោទៅដល់ផ្ទះទេ ព្រោះយើងមិនទាន់មានសហគមន៍។
<អញ្ចឹងយើងមានផែនការដាក់កាដុង ដាក់ស៊ីតែនណាដែលអាចប្រើប្រាស់បាន ជាលទ្ធភាពរបស់ប្រជាពលរដ្ឋ យើងឱ្យគាត់អញ្ជើញមកទទួល ហើយយើងបង្កើតគណៈកម្មការនៅកន្លែង ដើម្បីទទួល ចែកចាយជូនគាត់ >។
សូមបញ្ជាក់ថា៖ប្រព័ន្ធទឹកស្អាតពិតជាបានជួយលើកកម្ពស់ផ្នែកសន្តិសុខស្បៀង ក្នុងពេលដែលរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ ជាម្ចាស់ជំនួយនៃប្រទេសកូរ៉េ បានចំណាយថវិកា៥០ម៉ឺនដូល្លា រ សម្រាប់សាងសង់គម្រោងទឹកស្អាត នេះឡើង ដើម្បីប្រជាពលរដ្ឋនៅឃុំស្តៅចំនួនជិត១.០០០គ្រួសារ បាន ចៀសផុតពីជំងឺឆ្លងផ្សេងៗដូចមុនទៀត៕