វិទ្យុជាតិកម្ពុជា÷អត្ថបទដោយ:លោក ហាន ឆន មន្ទីរព័ត៌មានខេត្តកែប
កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប មានរៀបចំពិធី អបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៥ ខួបលើកទី១៨ ដើម្បីរំឭកដល់គំរូវីរៈភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន យុទ្ធនារីក្នុងបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដី កសាងបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបនិងជាប្រធានកិត្តិយសគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកែប បានលើកឡើងថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះការអភិវឌ្ឍវិស័យសង្គមកិច្ចគឺស្ថិតនៅក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ ស្របពេលដែលខេត្តកែប កំពុងអភិវឌ្ឍរីកចម្រើនស្ទើតែគ្រប់វិស័យ ក្នុងនោះ ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ការផ្តល់ប័ណ្ណថែទាំសុខភាព ប័ណ្ណមូលនិធិសមធម៌ សម្រាប់បងប្អូនអតីតយុទ្ធជន បងប្អូនអតីតមន្ត្រីរាជការស៊ីវិល ក៏ត្រូវបានយកចិត្តទុកដាក់ជាចម្បង។ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាន, បន្តអនុវត្តឱ្យបានល្អក្នុងការផ្តល់សេវាគាំពារសុខភាព, បន្តយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជន យុទ្ធនារី ដែលជួបប្រទះទុក្ខលំបាក និងផ្សព្វផ្សាយអំពីលទ្ធផលនានាក្នុងវិស័យអតីតយុទ្ធជន ឱ្យបានផុលផុស។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកែប បានអោយដឹងថា៖អតីតយុទ្ធជនកម្ពុជាដែលទទួលគោលនយោបាយរបបពីរដ្ឋក្នុងខេត្តកែបមានចំនួន ៣៥៧នាក់ ក្នុងនោះសមាជិកសមាគមចំនួន៣២៣នាក់ ដែលរួមមាន៖ ជនពិការ ៧២នាក់ និវត្តន៍ជន ១៧៣នាក់ ជនបាត់បង់សមត្ថភាព៩នាក់ គ្រួសារជនពលី ៤៩នាក់ និងគ្រួសារមរណៈ ២០នាក់៕