វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៧ ២០២៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។
កិច្ចប្រជុំដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប
បានឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។
ផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចនោះ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ សរុបចំនួន ១០.១៦២.២៣២ នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ក្នុងនោះស្រីសរុបចំនួន ៥.៣៩៣.៣០៩ នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៤.២៣៥ ការិយាល័យ។ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍អំពីគម្រោងផែនការដែលត្រូវធ្វើការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលនឹងត្រូវធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេលវែងជាងឆ្នាំដែលមិនមានការបោះឆ្នោត ពីព្រោះបញ្ជីបោះឆ្នោត ឆ្នាំ២០២៦ នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។
សម្រាប់ឆ្នាំ២០២៦ខាងមុខ តាមការប៉ាន់ស្មានអ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតមានប្រមាណជាង ១.០០០.០០០នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្តែមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតមានចំនួនប្រមាណ ៤.៥០០.០០០នាក់។ ដូចនេះរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតត្រូវការរយៈពេល ៧០ថ្ងៃ ដោយមិនទាន់រួមបញ្ចូលពេលវេលានៃការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានណែនាំដល់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងជ្រួតជ្រាបដល់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងនៅជនបទអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនៅឆ្នាំ២០២៦ខាងមុខ៕