វិទ្យុជាតិកម្ពុជា÷លោក អ៊ុន ណារាជ្យ មន្ទីរព័ត៌មានខេត្តសៀមរាប
ក្នុងឱកាសអញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបនាព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុកបានជំរុញដល់ក្រុមការងារទាំងអស់ បន្ដកិច្ចសហការគ្នាយ៉ាងស្អិតរមួតធ្វើយ៉ាងណាឱ្យមូលដ្ឋានឃុំកំពង់ភ្លុកទាំងមូល មានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ ជាពិសេស គឺសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ លោកក៏បានជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវក្ដាប់ឱ្យបាននូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវព្យាយាមដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ទៅតាមវិស័យ និងជំនាញនីមួយៗរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋមានជំនឿទុកចិត្ដលើការអនុវត្តការងាររបស់យើងសំដៅលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍមូលដ្ឋានជាចាំបាច់ និងត្រូវអនុវត្ដតាមសំណូមពររបស់ពលរដ្ឋដែលបានលើកឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានអនុវត្តផែនការសកម្មភាពបានយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់នាពេលកន្លងមក និងសំណូមពរឱ្យក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារតាមវិស័យនីមួយៗជាបន្ដទៀត ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល៕