វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ៧ ២០២៥
ភ្នំពេញ ៖ ក្រសួងព័ត៌មាន ជំរុញការទូតព័ត៌មាន នៅក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដើម្បីឆ្លើយតបបញ្ហាដែលជួបប្រទះរួមគឺ ព័ត៌មានក្លែងក្លាយ និងហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)ជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ក្រោមប្រធានបទ "ពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីឧត្តមភាព" នេះ គឺដើម្បីពង្រឹងទៅលើក្របខ័ណ្ឌនៃការទូតព័ត៌មាន ហើយចំពោះការទូតព័ត៌មានគឺសំដៅទៅលើវិស័យព័ត៌មាន និងសោតទស្សន៍។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តថា ការទូតព័ត៌មាន ដែលព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌជារួម កម្ពុជាបានបោះជំហានទៅមុខជាវិជ្ជមាន ហើយក៏ទទួលស្គាល់ដោយបណ្តាប្រទេសផ្សេងៗទៀត ទៅលើកិច្ចការងារក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងការសហការ ការសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរនៅបទពិសោធន៍ និងការជួយគ្នាទៅវិញទៅមកនៅក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលគឺ ចាំបាច់គឺត្រូវជំរុញការតភ្ជាប់ក្នុងតំបន់ និងពិភពលោក ពីព្រោះបញ្ហាដែលជួបប្រទះរួមគឺ ព័ត៌មានក្លែងក្លាយ និងហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយ AI។
« ក្នុងផ្នែកការទូតព័ត៌មាននេះ ខ្ញុំផ្ទាល់បានដឹកនាំគណៈប្រតិភូទៅប្រជុំនូវបណ្តាប្រទេសផ្សេងៗ យើងបានរំលេចអំពីតួនាទីនៃការទូតព័ត៌មាន ដែលបណ្តាប្រទេសទាំងអស់គឺមានបញ្ហាប្រឈមដូចគ្នា ហើយក៏យើងត្រូវសហការគ្នាក្នុងការដោះស្រាយដែរ បញ្ហាប្រឈមគឺទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើប ត្រូវប្រឈមក្នុងបរិបទនៃការរីកចម្រើនក្នុងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ហើយការប្រឈមជាពិសេសគឺ បណ្តាប្រព័ន្ធផ្សព្វផ្សាយបុរាណដែលត្រូវប្រឈមមុខជាមួយការប្រកួតប្រជែងកាន់តែខ្ពស់ កាន់តែស្រួចស្រាវជាមួយប្រព័ន្ធផ្សព្វផ្សាយបែបថ្មី»។
សូមបញ្ជាក់ថា កិច្ចប្រជុំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ នឹងចាប់ផ្ដើមពីថ្ងៃទី២១ដល់ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា នៃខេត្តសៀមរាប។ នៅក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ី(AMS)លើកទី២០នេះ បណ្តារដ្ឋមន្រ្តីព័ត៌មានទំាងអស់ នឹងលើកជាយន្តការនានាដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិតដែលបង្កឡើងដោយពួកក្រុមទុច្ចរិត ព្រោះការប្រយុទ្ធប្រឆំាងព័ត៌មានមិនពិតនេះមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់បញ្ហាអសន្តិសុខនិងភាពវឹកវរក្នុងសង្គមបានទាន់ពេលវេលា ខណៈដែលព័ត៌មានក្លែងក្លាយបាននឹងកំពុងវាយលុកច្រើនឡើងៗពី១ថ្ងៃទៅមួយថ្ងៃ៕