វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយ វណ្ណៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង
លោកជំទាវ វីស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូបពិសេសយុវជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមកុំប្រើប្រាស់និងចែកចាយគ្រឿងញៀននិងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនបង្កនូវបញ្ហាអសន្តិសុខសង្គមបង្កើតឡើងនូវអំពើហិង្សា ចោរលួចចោរឆក់ ចោរប្លន់ និងអំពើឃាតកម្មជាដើម។
នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននៅសាលាខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥លោកជំទាវ វីស្រីពៅ បញ្ជាក់ថា ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន មានគោលបំណងទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ធានាដល់ការអនុវត្តកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាភាគីនៃអនុសញ្ញា និងពិធីសារបស់អង្គការសហប្រជាជាតិដែលទាក់ទងនឹងគ្រឿងញៀន។ ច្បាប់នេះមានគោលដៅបង្ក្រាបការដាំដុះ ការផលិត ការជួញដូរ ការចរាចរណ៍ ការរក្សាទុក និងការចែកចាយគ្រឿងញៀនខុសច្បាប់ ។ ក្នុងនោះមន្ត្រីមានសមត្ថកិច្ចនិងមន្ត្រីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តស្វាយរៀងត្រូវចូលរួមទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់អោយខានតែបាន។ លើសពីនេះ គឺត្រូវចូលរួមការពារលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ រួមចំណែកការពារសណ្ដាប់ធ្នាប់សាធារណៈនិងសន្តិសុខសុវត្ថិភាពសង្គម។ លោកជំទាវ ក៏បានសំណូមពរដល់អាណាព្យាបាល និងលោកគ្រូអ្នកគ្រូទាំងអស់ បន្តជួយអប់រំកូនចៅកុំឲ្យប្រើប្រាស់គ្រឿងញៀននិងនៅឲ្យឆ្ងាយពីគ្រឿងញៀន ឆ្លើយថាទេចំពោះគ្រឿងញៀន៕