វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ៧ ២០២៥
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចាប់ពីខែកមរា ដល់ខែមិថុនា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា និងអាមេរិក សម្រេចបានទឹកប្រាក់ ៥ ៦៩១លានដុល្លារអាមេរិក កើនឡើងជាង២៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានត្រឹមតែ ៤ ៥២៩លានដុល្លារអាម៉េរិក។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងមកនេះ កម្ពុជាបាននាំចេញទៅអាមេរិក សម្រេចបានទឹកប្រាក់ ៥ ៥២៦លានដុល្លារអាម៉េរិកកើនជាង ២៥ភាគរយ បើប្រៀធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានទឹកប្រាក់ ៤ ៤០១លានដុល្លារអាម៉េរិក។ សម្រាប់ការនាំចូលពីអាមេរិកវិញ មានទឹកប្រាក់ជាង ១៦៤លានដុល្លារអាម៉េរិក កើន ២៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានទឹកប្រាក់ជាង ១២៧លានដុល្លារអាម៉េរិក។ តួលេខនេះបង្ហាញថា សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញផលិតផលកម្ពុជាច្រើនជាងគេស្មើនឹង៣៧ភាគរយ នៃការនាំចេញសរុប។ ការនាំចេញសរុបរបស់កម្ពុជា ក្នុងរយៈពេល៦ខែឆ្នាំ២០២៥ ដែលមានទឹកប្រាក់ជាង១៤ ៧២៥លានដុល្លារអាម៉េរិក។
របាយការណ៍ បានឱ្យដឹងដែរថា មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា សម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ទោះជាយ៉ាងណាក្តី បញ្ហាពន្ធថ្មីរបស់អាម៉េរិក ដែលបានដាក់លើទំនិញកម្ពុជា បានបង្ករក្តីបារម្ភចំពោះការនាំចេញទៅកាន់ទីផ្សារអាមេរិក។ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក ឯកឧត្តមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ៤៩ភាគរយ ដែលកម្រិតខ្ពស់មួយ។
បន្ទាប់ពីកម្ពុជា បានធ្វើការចរចាជាបន្តបន្ទាប់រួចមក នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រា តាមរយៈលិខិតផ្ញើ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ពីការសម្រេចរបស់សហរដ្ឋអាម៉េរិក ដោយទម្លាក់អត្រាពន្ធបដិកាលើកម្ពុជាពី ៤៩ភាគរយ មកនៅ ៣៦ភាគរយ។ បើទោះបីជាអត្រាពន្ធនេះធ្លាក់ចុះ កម្ពុជានៅរក្សាជំហរបន្តចរចាពន្ធបដិកាជាមួយអាម៉េរិកបន្ថែមទៀត ដើម្បីឱ្យទាបជាងនេះ។
គួរជម្រាបថា នៅឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្មចំនួន១០.១៨ពាន់លានដុល្លារ កើនឡើង១១.២ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ៩.៩ពាន់លានដុល្លារ កើនឡើង ១១.៤ភាគរយ ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤.១៤លានដុល្លារ៕