សម្តេច ទៀ បាញ់៖ តំបន់ប្រវត្តិសាស្រ្តយោធា គឺជាការបញ្ជាក់ដល់ប្រវត្តិ ដែលធានាបានសន្តិភាព សុវត្ថិភាព ការអភិវឌ្ឍ និងសន្តិសុខ

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៨/៧/២០២៥)
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងថា តំបន់ប្រវត្តិសាស្រ្តយោធា គឺជាការបញ្ជាក់ដល់ទីតាំងមណ្ឌល ឬតំបន់ប្រវត្តិសាស្រ្ត ដែលមានទាក់ទង ជាមួយប្រវត្តិ ដែលធានាបាននូវសន្តិភាព សុវត្ថិភាព ការអភិវឌ្ឍ និងសន្តិសុខ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីការរៀបចំប្រវត្តិសាស្រ្តយោធា នាពេលថ្មីៗនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អនាគតខ្មែរ ជាពិសេសសម្រាប់ផ្តល់មេរៀនដល់កូនខ្មែរ ជំនាន់ក្រោយធ្វើការចងចាំ ហើយមួយវិញទៀត ការរៀបចំតំបន់ប្រវត្តិសាស្រ្តនេះឡើង ក៏ដើម្បីជាការរំឭករឿងរ៉ាវ ដែលធ្លាប់មានការប្រតិបត្តិការសឹក និងសកម្មភាពប្រយុទ្ធចុងក្រោយ របស់យោធាផងដែរ ។
បន្ថែមលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តំបន់ប្រវត្តិសាស្រ្តយោធា គឺជាការបញ្ជាក់ដល់ទីតាំងមណ្ឌល ឬតំបន់ប្រវត្តិសាស្រ្ត ដែលមានទាក់ទង ជាមួយប្រវត្តិ ដែលធានាបាននូវសន្តិភាព សុវត្ថិភាព ការអភិវឌ្ឍ និងសន្តិសុខជាដើម ដូច្នេះហើយបានអនុក្រឹត្យ របស់រាជរដ្ឋាភិបាល អនុញ្ញឱ្យមានការរៀបចំ នូវតំបន់ប្រវត្តិសាស្រ្តនេះឡើង ដើម្បីផ្តល់ការអបរំ ការយល់ដឹង និងការចងចាំ របស់កូនខ្មែរជំនាន់ក្រោយ ឱ្យកាន់តែរឹងមាំ តាមរយៈការបង្ហាញនូវតឹកតាង ដែលមាននិងជាសក្ខីកម្មពិតប្រាកដកុំឱ្យបាត់បង់។
បើយោងតាមវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិបានឱ្យដឹងថា ក្រសួងការពារជាតិ នឹងយកតំបន់ចំនួន៨៧ទីតាំង ស្ថិតនៅក្នុងទឹកដីភូមិភាគ៥ ភូមិភាគ៣ និងភូមិភាគ៤ ធ្វើជាតំបន់ប្រវត្តិសាស្រ្តយោធា ដោយរាល់ទីតាំងទាំងនោះ គឺនឹងត្រូវបន្ថែមអត្ថន័យដ៏ពិសិដ្ឋមួយបន្ថែមទៀត គឺពាក្យថា«តេជោ» ដែលចង់បង្ហាញថា តំបន់សមរភូមិក្តៅទាំងនោះ បានប្រែក្លាយជាតំបន់អភិវឌ្ឍ សហប្រតិបត្តិការ និងការពារជាតិ ក្នុងសម័យកាលតេជោសន្តិភាព។
យោងតាមឯកសាររបស់ វិទ្យាស្ថានប្រវត្តិសាស្រ្តយោធា នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ដដែលបានបញ្ជាក់ឱ្យដឹងផងដែរថា ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា ត្រូវ ធានាឱ្យបាននូវគោលការណ៍នៃនិរន្តរភាព ដែលមានសកម្មភាពដំណើរការ សម្រាប់សាធារណជន ជាការសិក្សាស្រាវជ្រាវ ជាទីតាំងប្រវត្តិសាស្រ្ត ជាទេសចរណ៍ និងជាទីតាំងបម្រើឲ្យមូលដ្ឋានទំាងបីចំណុចធំៗ ដូចជា«កត្តញ្ញូ សុខដុម និងការចូលរួមជាដើម។
សម្តេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិជាង៣៥ឆ្នាំ របស់កម្ពុជាបានមើលឃើញថា ការរៀបចំឱ្យមានតំបន់ប្រវត្តិសាស្រ្តនេះ គឺពិតជារឿងចាំបាច់ ខណៈកន្លែងទាំងនោះ នឹងផ្តល់នូវការអប់រំ ការយល់ដឹង ព្រមទាំងស្មារតី ការពារសន្តិភាព ដែលបានមកដោយនយោបាយ ឈ្នះ ឈ្នះ ឲ្យកាន់តែរឹងមាំ តាមរយៈការបង្ហាញនូវតឹកតាង ដែលមាននិងជាសក្ខីកម្មពិតប្រាកដកុំឱ្យបាត់បង់។ ផ្តល់ទស្សនៈវិស័យ ក្នុងការអភិវឌ្ឍនៅតំបន់ និងភូមិសាស្រ្តទីតាំងទាំងឡាយ ដែលមានលក្ខណៈពហុវិស័យ ទាំងយុទ្ធសាស្រ្ត សន្តិសុខជាតិ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ បរិស្ថានជាមួយនឹងព្រំដែនដែលមាន ។
ការរៀបចំតំបន់នេះឡើង ក៏ដើម្បីធ្វើឱ្យកាន់តែយល់ច្បាស់នូវអត្ថប្រយោជន៍ ភារកិច្ចការពារបូរណភាពទឹកដី នៃភូមិសាស្រ្ត ដែលធ្លាប់ជាតំបន់អសន្តិសុខ តំបន់មានការប្រយុទ្ធ និងមហន្តរាយនាពេល សង្រ្គាម ដែលក្លាយមកជាតំបន់សុខសាន្ត សុខដុម អភិវឌ្ឍន៍ និងការជឿនលឿន នៅក្នុងពេលដែលទទួលបាន នូវសន្តិភាពពេញលេញ ដោយមិនអាចឱ្យក្លាយទៅជាការកកើតឡើងវិញ ច្រំដែលនូវប្រវត្តិសាស្រ្ត ដែលមានកន្លងមក៕

សម្តេច ទៀ បាញ់៖ តំបន់ប្រវត្តិសាស្រ្តយោធា គឺជាការបញ្ជាក់ដល់ប្រវត្តិ ដែលធានាបានសន្តិភាព សុវត្ថិភាព ការអភិវឌ្ឍ និងសន្តិសុខ
សម្តេច ទៀ បាញ់៖ តំបន់ប្រវត្តិសាស្រ្តយោធា គឺជាការបញ្ជាក់ដល់ប្រវត្តិ ដែលធានាបានសន្តិភាព សុវត្ថិភាព ការអភិវឌ្ឍ និងសន្តិសុខ
សម្តេច ទៀ បាញ់៖ តំបន់ប្រវត្តិសាស្រ្តយោធា គឺជាការបញ្ជាក់ដល់ប្រវត្តិ ដែលធានាបានសន្តិភាព សុវត្ថិភាព ការអភិវឌ្ឍ និងសន្តិសុខ